ភ្នំពេញៈ ប្រជាពលរដ្ឋ២គ្រួសារដែលមានជាប់គ្នា បានបើកឆាកប្រយុទ្ធវាយកាប់ចាក់ បណ្ដាលឲ្យរង របួសធ្ងន់ទាំងសង្ខាងចំនួន៤ នាក់ និងស្រាលម្នាក់និងមានម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួនបានម្នាក់ថែមទៀតផង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ចូលទៅវត្តអរុណវតី ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា គូទំនាស់ទាំង២គ្រួសារ ភាគីទី១មានគ្នាចំនួន៣នាក់ ក្នុងនោះមានទី១,ឈ្មោះកូវ រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ទី២,ឈ្មោះវណ្ណា រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាក្មួយ ដែលទាំង២នាក់នេះរងរបួសធ្ងន់ធ្ងរ និងទី៣,ឈ្មោះ កេត គីមផេង ភេទប្រុស អាយុជាង២០ឆ្នាំ ត្រូវជាក្មួយត្រូវបាននគរបាលចាប់ខ្លួន។ ដោយឡែកភាគីទី២មានគ្នា៣នាក់ដូចគ្នា ក្នុងនោះមានទី១,ឈ្មោះសុខ ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ទី២,ឈ្មោះសុខ ចាន់ភួង ភេទប្រុស អាយុ២១ឆ្នាំ ទាំង២ នាក់នេះរងរបួសធ្ងន់ និងទី៣,ឈ្មោះចក់ បញ្ញា ភេទស្រី អាយុ២២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន។ ទាំង២ភាគីនេះ ខាងលើនោះមានទីលំនៅ ផ្ទះជាប់គ្នាស្ថិតនៅក្នុងភូមិលើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងថា គូទំនាស់ទាំងគ្រួសារនេះធ្លាប់មានទំនាស់វាយគ្នា និងធ្លាប់បានប្ដឹងផ្ដល់គ្នា ដល់ប៉ុស្ដិ៍ ត្រពាំងក្រសាំង ម្ដងរួចមកហើយ ទើបតែចប់ប៉ុណ្ណោះហើយពួកគេមិនបានគោរពកិច្ចសន្យាបញ្ចប់រឿង ដែលបានធ្វើនៅប៉ុស្ដិ៍នគរបាលឡើយ ពួកគេនៅតែបង្ករឿងទំនាស់វាយកាប់ចាក់គ្នាបែបនេះទៀត។ មិនតែប៉ុណ្ណោះម្ខាងៗបានប្រកែកយកតែត្រូវរៀងៗខ្លួនដោយភាគីទី១ បានចោទប្រកាន់ទៅភាគីទី២ថា តែងតែបានបង្ករឿងឈ្លោះទាស់គ្រប់ពេល ហើយនៅមុនពេល បានរករឿងនិងប្រើកាំបិតបុ័ងតោ កាប់ទៅលើពួកគេមុន បណ្ដាលឲ្យរងរបួសម្នាក់ដួលដេកនៅក្នុងថ្លុកឈាម។ទើបពេលនោះមានការតបតទៅវិញ បណ្ដាលឲ្យរង របួសទាំងសង្ខាងតែម្ដង។
ប្រភពខាងលើបានបន្តទៀតថា ដោយឡែកភាគីទី២បាននិយាយថា កន្លងមកភាគីទី ១បានតាមវាយពួកគេមុនម្ដងរួចមកហើយ លុះដល់ថ្ងៃកើតហេតុចុងក្រោយនេះ នៅពេលដែលពួកខ្លួនជិះម៉ូតូដល់មុខផ្ទះ និយាយទូរសព្ទដោយមិនដឹងខ្លួន ស្រាប់តែភាគីទី១ បានស្រែកជេរនិងរក រឿងទើបមានទំនាស់រហូតវាយកាប់ចាក់គ្នាទៅវិញទៅមកបែបនេះតែម្ដង។
នគរបាលបានបន្តថា ភាគីទាំង២ នេះមានផ្ទះជាប់សំយ៉ាបគ្នា ប៉ុន្តែមិនបានយោគយល់គ្នា ហើយតែងបានបង្កទំនាស់ជាមួយគ្នាជាបន្តបន្ទាប់ ហើយរហូតឈានដល់ ការវាយតប់គ្នាម្ដងរួចមកហើយ។ជាងនេះទៀតធ្លាប់បានប្ដឹងផ្ដល់គ្នាដល់ប៉ុស្ដិ៍នគរបាលត្រពាំងក្រសាំងថែមទៀតផង ក្រោយមក បានដោះស្រាយគ្នាចប់រឿងហើយ ប៉ុន្តែគំនុំចាស់នៅតែមិនទាន់រំសាយ ទើបពេលនេះបានកើតឡើងម្ដងទៀតហើយធ្ងន់ធ្ងរជាមុន។ មិនតែប៉ុណ្ណោះនៅពេលនគរបាលបាលប៉ុស្ដិ៍ទៅដល់ឃាត់ហើយក៏ពួកគេមិនស្ដាប់ នៅតែវាយកាប់ចាក់គ្នាទៀតរហូតមានរបួសទាំង សង្ខាងបែបនេះ ។
ពេលនេះសំណុំរឿងនិងត្រូវបញ្ជូនទៅកាន់ ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នាតែម្ដង លែងដោះស្រាយនៅប៉ុស្ដិ៍ទៀតហើយ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះរៀងៗខ្លួន៕
https://youtu.be/k5_jLDuIRNw
មតិយោបល់