ភ្នំពេញៈ ជនសង្ស័យបានធ្វើសកម្មភាពគាស់សោរផ្ទះចូលលួចយកម៉ូតូហុងដាគុបជ្រុងមួយគ្រឿង និងស្រាបៀចំនួន៤កេស ទៅបាត់ដោយសុវត្តិភាព បន្ទាប់ពីម្ចាស់ចាក់សោផ្ទះទៅលេងស្រុក ត្រលប់មកវិញទើបដឹងថាបាត់ រួចទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះ ប៉ែន ចន្ធូ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់ភេសជ្ជៈ នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិកាប៉ាស់ ឃុំឈើតុង ស្រុកក្រ គរ ខេត្តពោធិ៍សាត់ ។ សម្ភារៈដែលបាត់បង់ ម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង សេ៥០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CU-1763 និងស្រាបៀ ហ្គែនស្ពឺតចំនួន៤កេសទៀត។
ជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី០១ ខែមិថុនា ឆ្នាំ២០១៦ គាត់និងក្រុមគ្រួសារ បានចាក់សោផ្ទះចោល ដោយទុកដាក់ សម្ភារៈនៅក្នុងផ្ទះ ហើយចាកចេញទៅស្រុកកំណើតបាត់ទៅ លុះពេលវិលមកវិញនៅល្ងាចថ្ងៃទី០២ ខែមិថុនា ពេលដែលចាក់សោរចូលផ្ទះស្រាប់តែបាត់ម៉ូតូ និងស្រាបៀរ។ ជនរងគ្រោះបានបន្តថា ស្ថានភាពសោរទ្វារផ្ទះ ឃើញនៅជាប់សោរធម្មតាទេ តែដល់ពេល ចាក់បើក ចូលទៅ បែរជាបាត់បង់ទ្រព្យសម្បត្តិ មិនដឹងជនសង្ស័យលួចធ្វើសកម្មភាពតាំងពីពេលណា ។
ក្រោយពីដឹងថា បាត់ម៉ូតូ ហើយនៅព្រឹកថ្ងៃទី០៣ នេះជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា៕
មតិយោបល់