ព័ត៌មានជាតិ

ខូចចិត្តព្រោះខឹងនិងមិត្តប្រុស នារី​ម្នាក់​បានទៅលោតទឹក​សម្លាប់​ខ្លួន​ តែមិនបានសម្រេច

ព្រះសីហនុៈ​ តាមសមត្ថកិច្ច បាន​ឲ្យដឹងថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​១ ០៦ ​ល្ងាច​ថ្ងៃទី​១៩ ​ខែកញ្ញា​​នេះ​ មាន​នារី​ម្នាក់​ ប៉ុនប៉ុងចង់​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​លោត​ទឹកសម្លាប់ខ្លួន នៅ​ចុង​ផែ​ដឹក​ភ្ញៀវ​ទេសចរ​ណ៍អូរឈើទាល ​ខេត្ត​ព្រះសីហនុ​។

ការប៉ុនប៉ុងនេះដែរ មិនបានសម្រេចនោះទេ ដោយត្រូវ​បាន​ភ្នាក់ងារ​ឆ្មាំ​សមុទ្រ​ និង​នគរបាល​ទេសចរណ៍​ ចុះ​ទៅ​ស្រង់​បាន​មក​វិញ​ ហើយ​ក៏យក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ដើម​ស្វាយ​។

​ជន​រង​គ្រោះ​ ​ឈ្មោះ​គិន​ ស្រី​និច​ ភេទស្រី អាយុ២០ ឆ្នាំ ទីលំនៅ​ភូមិ​២​ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​។

តាមសមត្ថកិច្ច បានបញ្ជាក់​ថា​ ដោយសារជនរងគ្រោះ​ ខឹងនឹង​មិត្ត​ប្រុស​ខ្លួន ដែលជា​ជន​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ ទើបនាង​បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ​។

ក្រោយការជួយសង្គ្រោះពីខាងមន្ទីរពេទ្យ នៅ​ម៉ោង​ប្រមាណ​០៨ ​យប់ថ្ងៃដដែល ​​ ជនរងគ្រោះ​បាន​ដឹងខ្លួន​វិញ​ហើយ​ ប៉ុន្តែ​គ្រូពេទ្យ​អះអាង​ថា ស្ថានភាព​ជំងឺ​នៅ​ធ្ងន់ធ្ងរ​នៅទ្បើយទេ ពី​ព្រោះ​ទឹក​បាន​ចូល​ក្នុង​សួត​ច្រើន​ពេក​។

សូមជំរាបថា មកទល់ពេល​នេះ​ជន​រង​គ្រោះ​ មិន​មាន​សាច់ញាតិ​ជិតស្និទ្ធ​ នៅចាំមើលថែ​ ក្រៅពី​មិត្តប្រុសខ្លួន ដែលជាជនជាតិ​ឥណ្ឌូ​នេស៊ី​ម្នាក់​នោះ​ទេ​៕

មតិយោបល់