ប្រព័ន្ធ iOS 11 ពាំនាំមកជាមួយមុខងារថ្មីៗកាន់តែច្រើន ធៀបនឹងជំនាន់មុនរបស់វា។ ដំណាលគ្នានេះ ទំហំនៃប្រព័ន្ធកម្មវិធីក៏កាន់តែធំផងដែរ ដែលធ្វើឱ្យម៉ាស៊ីនទូរសព្ទមួយចំនួន ជាពិសេសស៊េរីចាស់ៗ អាចនឹងធ្វើការកាន់តែធ្ងន់។
ទោះយ៉ាងណា Apple បានបន្ថែមនូវមុខងារមួយចំនួនដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើស ឬគ្រប់គ្រងមុខងារឧបករណ៍របស់ខ្លួនបានកាន់តែទូលំទូលាយ និងសម្បូរបែប។ ក្នុងនោះ ដើម្បីឱ្យម៉ាស៊ីន iPhone ឬ iPad ដែលដើរលើប្រព័ន្ធ iOS ជំនាន់ចុងក្រោយនេះ ដំណើរការបានកាន់តែរលូន លោកអ្នកអាចអនុវត្តតាមវិធី ៨ យ៉ាង ដែល Post Tech លើកយកមកបង្ហាញខាងក្រោម៖
១- បង្កើនទំហំមេម៉ូរីទំនេរ
កាលណាមេម៉ូរីទូរសព្ទ iPhone របស់លោកអ្នកកាន់តែជិតពេញ វានឹងកាន់តែដើរយឺត។ ដូច្នេះ មធ្យោបាយល្អបំផុតគឺ លុបចោលរាល់កម្មវិធី និងឯកសាររូបថត-វីដេអូដែលលែងត្រូវការ ឬបញ្ជូនវាទៅផ្ទុកក្នុង iCloud។
តាមរយៈ iOS 11 លោកអ្នកអាចធ្វើបែបនេះបានយ៉ាងងាយ ដោយចូលទៅកាន់កម្មវិធី Settings -> General -> Starage & iCloud Usage -> Manage Storage រួចនៅពីក្រោមផ្នែក Storage លោកអ្នកនឹងឃើញរបារចម្រុះពណ៌មួយដែលបង្ហាញពីប្រភេទឯកសារ និងទំហំផ្ទុករបស់វានៅលើមេម៉ូរីទូរសព្ទ ព្រមទាំងទំហំដែលនៅសល់។
នៅខាងក្រោមនោះ ក៏មានដែរការណែនាំអំពីវិធីសន្សំសំចៃមេម៉ូរីមួយចំនួន តាមរយៈការលុបកម្មវិធីដែលមិនប្រើចោល បើកឱ្យ iCloud ទាញយករូបថតពីទូរសព្ទចូល ជ្រើសរើសលុបកិច្ចសន្ទនាចាស់ៗចោលដោយស្វ័យប្រវត្តិ និងឆែកមើលឯកសារណាស៊ីមេម៉ូរីធំៗដើម្បីលុបចោល។
២- ប្តូរប្រើឯកសាររូបថត-វីដេអូប្រភេទ HEIF/HEVC
វាគឺជាប្រភេទកូដបង្កើតឯកសាររូបភាព-វីដេអូថ្មីនៅលើប្រព័ន្ធ iOS 11 ដែលជួយបង្រួមឯកសារកម្សាន្តនេះឱ្យកាន់តែតូច និងរក្សាគុណភាពនៅដដែល។ HEIF/HEVC មិនត្រូវបានជ្រើសយកដោយស្វ័យប្រវត្តិនោះទេ ដូច្នេះ បើលោកអ្នកជាមនុស្សដែលចូលចិត្តថតរូបភាព-វីដេអូ គួរតែជ្រើសរើសប្រើឯកសារប្រភេទនេះ ដោយចូលទៅកាន់កម្មវិធី Settings -> Camera -> Formats រួចជ្រើសយក High Efficiency ជាការស្រេច។
៣- ធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នក
កម្មវិធីចាស់ៗដែលលោកអ្នកបន្តប្រើពីប្រព័ន្ធ iOS មុន ប្រហែលជាមិនដំណើរការរលូននៅលើប្រព័ន្ធថ្មី ដោយគ្មានការធ្វើបច្ចុប្បន្នភាព (Update) នោះទេ។ ដើម្បីធ្វើដូច្នេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី App Store រួចចុចលើ Updates បន្ទាប់មក ចុចលើ Update All ហើយរងចាំរហូតដល់ដំណើរការរបស់វាចប់។
៤- កុំឱ្យកម្មវិធី Update ដោយខ្លួនវា
ដើម្បីជួយឱ្យលោកអ្នកកាន់តែងាយស្រួល iOS 11 ដំណើរការ Update កម្មវិធីផ្សេងៗពីខាងក្នុងតែម្តង រាល់ពេលដែលវាចេញជំនាន់ថ្មីម្តងៗ។ សកម្មភាពនេះ ប្រសិនបើ iPhone អ្នកជាម៉ូឌែលថ្មី វាមិនសូវជាបញ្ហានោះទេ។ ប៉ុន្តែ បើជាម៉ូឌែលចាស់វិញ វាប្រាកដជាធ្វើឱ្យម៉ាស៊ីនដើរយឹត។ ដូច្នេះ លោកអ្នកគួរតែកំណត់ឱ្យការ Update ធ្វើឡើងតែនៅពេលលោកអ្នកចង់ប៉ុណ្ណោះ ទើបប្រសើរជាង ដោយចូលទៅកាន់កម្មវិធី Settings -> iTunes & App Store រួចចុចកុងតាក់បិទលើមុខងារ Updates នៅក្នុងផ្នែក Automatic Downloads។
៥- បិទមិនឱ្យកម្មវិធីធ្វើការ Refresh
កម្មវិធីស្មាតហ្វូនបច្ចុប្បន្នភាគច្រើនតែងភ្ជាប់ទៅកាន់ប្រព័ន្ធអីុនធើណែត ដើម្បីបញ្ចូនដំណឹងថ្មីៗមកបង្ហាញប្រាប់អ្នកប្រើប្រាស់ បើទោះបីជាបានបិទការ Update ដោយស្វ័យប្រវត្តិក៏ដោយ ជាពិសេសកម្មវិធីបណ្តាញសង្គមដូចជា Facebook និង YouTube តែម្តង។ ដំណើរការនេះ នឹងធ្វើឱ្យ CPU ទូរសព្ទលោកអ្នកធ្វើការកាន់តែធ្ងន់ និងនាំឱ្យវាដើរកាន់តែយឺត នៅពេលមានកម្មវិធីកាន់តែច្រើន Refresh ដំណឹងថ្មីៗ។
ដូច្នេះ ដើម្បីបិទវា លោកអ្នកអាចចូលទៅកាន់កម្មវិធី Settings -> General -> Background App Refresh រួចចុចកុងតាក់បិទ។ លោកអ្នកក៏អាចបើកវាចោលក៏បានដែរ ដោយជំនួសមកវិញនូវការបិទ Refresh តាមកម្មវិធីជាក់លាក់ផ្សេងៗនៅខាងក្រោម។
៦- កាត់បន្ថយចលនារីករួមផ្ទាំងកម្មវិធីពីមួយទៅមួយ
iPhone លោកអ្នកនឹងមើលទៅកាន់តែមានដំណើរការលឿន បន្ទាប់ពីបិទមុខងារ Motion ដែលបង្កើតជាចលនារីករួមនៅពេលមានការចុចប្តូរផ្ទាំងកម្មវិធីពីមួយទៅមួយម្តងៗ។ ដើម្បីធ្វើដូច្នេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី Settings -> General -> Accessibility -> Reduce Motion ហើយចុចកុងតាក់បើកលើមុខងារ Reduce Motion ឬចុចកុងតាក់បិទលើមុខងារ Auto-Play Message Effects ក៏បាន ប៉ុន្តែ វានឹងធ្វើឱ្យការផ្ញើសារមើលទៅមិនសូវឡូយ។ បន្ទាប់មក ត្រឡប់ទៅផ្ទាំង Accessibility រួចចូលទៅកាន់ Increase Contrast ហើយចុចកុងតាក់បើកលើមុខងារ Reduce Transparency។
៧- បិទមុខងារ Location Services
មុខងារនេះ មិនត្រឹមតែធ្វើឱ្យទូរសព្ទអ្នកឆាប់អស់ថ្មប៉ុណ្ណោះទេ តែក៏ធ្វើឱ្យល្បឿនដំណើរការវាដើរយឹតបន្តិចដែរ ដោយសារប្រព័ន្ធ GPS លើទូរសព្ទបើកចោលជាប់ និងបញ្ចូនទិន្នន័យទីតាំងទៅកាន់កម្មវិធីផ្សេងៗនៅលើទូរសព្ទ តាមការទាមទាររបស់កម្មវិធីទាំងនោះ។
នៅក្នុង iOS 11 បានផ្តល់ជម្រើសដល់លោកអ្នកក្នុងការគ្រប់គ្រងលើមុខងារនេះ កាន់តែល្អប្រសើរ ដោយអាចបើកឱ្យវាដំណើរការវាតែខណៈពេលកម្មវិធីកំពុងបើកប្រើប៉ុណ្ណោះ។ ដើម្បីធ្វើដូច្នេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី Settings -> Privacy -> Location Services រួចជ្រើសរើសយក While Using លើកម្មវិធីនានាដែលខ្លួនចង់កំណត់ឱ្យ GPS ចាប់យកទីតាំងទូរសព្ទកំពុងឋិតនៅ តែពេលដែលវាកំពុងបើកប្រើ។
៨- ចុចបិទ/បើកទូរសព្ទ
វិធីចុងក្រោយនេះ គឺលោកអ្នកអាចបិទ-បើក ឬចុច Restart ទូរសព្ទឡើងវិញ ដើម្បីកាត់ផ្តាច់នូវភាពមិនប្រក្រតី ឬការចាប់យកមេម៉ូរីបណ្តោះអាសន្ននៅលើទូរសព្ទដែលនាំឱ្យម៉ាស៊ីនដើរកាន់តែយឹតនៅពេលប្រើកាន់តែយូរ។ លោកអ្នកអាចធ្វើដូច្នេះ ជារៀងរាល់មួយសប្តាហ៍ម្តងក៏បាន៕
មតិយោបល់