សៀមរាបៈ លោកអធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ មានករណីប្រទះឃើញសពនារីម្នាក់ក្នុងលូទឹក ស្ថិតនៅនៅផ្លូវជាតិលេខ៦A ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង និងខេត្តសៀមរាប។
ក្រោយការចុះពិនិត្យរបស់សមត្ថកិច្ច បានឲ្យដឹងថា សាកសពស្ត្រីខាងលើ បានស្លាប់នៅក្នុងលូទឹក ដោយមានសភាពមានស្នាមរលាត់សើស្បែក និងស្នាមជាំ ប៉ុន្តែពុំមានសញ្ញណណាមួយ បង្ហាញថាជាករណីឃាតកម្មនោះទេ ហេតុដូច្នេះ សមត្ថកិច្ចបានសន្និដ្ឋាន សពគឺបានស្លាប់ដោយសារខ្យល់គ (ញៀនស្រារាំរៃ)។
តាមការបំភ្លឺជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា កាលពី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៧ យប់ មានស្រ្តីម្នាក់ បានជិះម៉ូតូ ម៉ាកធូដេ ពណ៌បៃតង ពាក់ស្លាកលេខសៀមរាប ១x៧១៦៤ បុករង្វង់មូលមុខគ្រុឌ បណ្តាលឲ្យដួលហើយ ងើបរត់ចោលម៉ូតូ ដោយសារមនុស្សរោមមើលច្រើន បន្ទាប់មកសមត្តកិច្ចយើង បានយកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្តិ៍ស្រង៉ែ និងព្យាយាមដើររកម្ចាស់ម៉ូតូដែរ ប៉ុន្តែមិនឃើញ។ លុះដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ក៏បានប្រទះឃើញសពម្ចាស់ម៉ូតូខាងលើ ស្លាប់ក្នុងលូ ដោយសារសមត្ថកិច្ចស្គាល់នាងច្បាស់ ព្រោះកន្លងមកកាលពីថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៧ ជនរងគ្រោះនេះ ធ្លាប់បានជិះម៉ូតូដួលម្តងរួចមកហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រង៉ែ ហើយត្រូវបានឪពុកឈ្មោះ អ៊ឹង ប៊ូ អាយុ៥៧ឆ្នាំ ទីលំនៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មកទទួលទាំងមនុស្ស និងម៉ូតូខាងលើត្រឡប់ទៅវិញ ហើយគាត់បានបញ្ចាក់ថា កូនស្រីគាត់ ជាម្ចាស់ម៉ូតូនេះ មានសតិវិប្បល្លាសស្មារតី នាងមានឈ្មោះ អ៊ឹង ប៊ុននី អាយុ២៦ឆ្នាំ ៕
មតិយោបល់