ភ្នំពេញៈ អ្នកសារព័ត៌មានជើងចាស់ និងជាសាស្ត្រាចារ្យព័ត៌មាន លោក សេក បរិសុទ្ធ បានលាចាកលោកទៅយ៉ាងអាណោចអាធ័ម ធ្វើឲ្យក្រុមគ្រួសារ សិស្សនិស្សិត និងមិត្តភ័ក្តរួមការងារ មានក្ដីអាឡោះអាល័យពន់ពេក។ សពរបស់លោក នឹងត្រូវធ្វើពិធីបូជាតាមព្រះពុទ្ធសាសនា នាវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែតុលាខាងមុខនេះ ខណៈដែលពិធីបុណ្យ៧ថ្ងៃ នឹងត្រូវប្រព្រឹត្តិធ្វើឡើងនៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ សាកសពរបស់លោក សេក បរិសុទ្ធ ត្រូវបានដឹកពីខេត្តក្រចេះ មកតម្កល់នៅវត្តទួលទំពូង ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមរំលែកទុក្ខពីមិត្តភ័ក្តរួមអាជីព សមាជិករដ្ឋាភិបាល និងសាច់សារលោហិតយ៉ាងច្រើនកុះករ។ អ្នកចូលរួមក្នុងពិធីបុណ្យសពរបស់លោក បានសម្ដែងក្ដីអាឡោះអាល័យ និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់នូវធនធានដ៏ល្អរបស់កម្ពុជារូបនេះ។
ភរិយាសព លោកស្រី កើត សុគន្ធ ប្រាប់ Post News ឲ្យដឹងថា សពស្វាមីរបស់លោកស្រី នឹងត្រូវបូជាតាមព្រះពុទ្ធសាសនា នៅវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះហើយ ដោយក្រុមគ្រួសារសម្រេចតម្កល់សពរយៈពេល៣ថ្ងៃ ដើម្បីឲ្យញាតិមិត្តជិតឆ្ងាយមកគោរពវិញ្ញាណក្ខន្ដ។ ដោយឡែក ពិធីបុណ្យ៧ថ្ងៃរបស់ស្វាមីលោកស្រី ក៏នឹងត្រូវប្រារព្ធធ្វើឡើងនៅចំថ្ងៃសៅរ៍ ទី២២ ខែតុលាផងដែរ។
គួរជម្រាបថា លោក សេក បរិសុទ្ធ អ្នកសារព័ត៌មានជើងចាស់ដ៏មានបទពិសោធន៍ និងជាសាស្ត្រាចារ្យព័ត៌មានមួយរូប នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយគ្នា លោកក៏ជាមន្ត្រីរបស់អង្គការ AEA ផងដែរ។
លោក សេក បរិសុទ្ធ បានទទួលមរណភាព កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត(ជិះគេចក្មេងរត់ឆ្លងផ្លូវ) ត្រង់ចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ តាមបណ្ដោយផ្លូវជាតិលេខ៧ ខណៈធ្វើដំណើរទៅបំពេញការងារនៅខេត្តរតនគិរី ជាមួយសមាជិករបស់លោកពីរនាក់ទៀត៕
មតិយោបល់