ព័ត៌មានបច្ចេកវិទ្យា

ក្រោយឡើង iOS 11 រួច ថ្ម iPhone អ្នកចេះតែឆាប់អស់? មានវិធីមួយអាចជុសជុលបាន ប៉ុន្តែ..

មិនខុសពីពេលមុនៗនោះទេ រាល់លើកដែលក្រុមហ៊ុន Apple ដាក់ចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីឱ្យ​ទាញ​យកជាលើកដំបូង អ្នកប្រើប្រាស់ iPhone ឬ iPad មួយចំនួនតែងជួបបញ្ហាថ្មរបស់វាឆាប់ស្រកអស់ខុសពីពេលមុន។ ឧទាហរណ៍ៈ iPhone 7 ក្រោយពីដំឡើងទៅ iOS 11 រួច ក្នុងមួយថ្ងៃទុកចោលមិនសូវប្រើអីសោះ គ្រាន់តែឆែកអីុម៉ែល លេង Facebook និងហៅទូរសព្ទចេញបន្តិចបន្តួច ស្រាប់តែថ្មស្រកអស់ ខណៈកាលពីប្រើ iOS ចាស់ អាចទុកបានរហូតដល់ពីរថ្ងៃ ទើបត្រូវការសាកថ្មបំពេញឡើងវិញ។

សម្រាប់លោកអ្នកដែលក្រោយ Update (ធ្វើបច្ចុប្បន្នភាព) iOS លើទូរសព្ទ iPhone ឬ iPad របស់ខ្លួន ឱ្យឡើងដល់ជំនាន់ 11 នេះរួចជួបបញ្ហាដូច្នេះ គឺមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមួយ​ ប៉ុន្តែ វាទាម​ទារឱ្យលុបចោលទិន្នន័យ ឬឯកសារលើទូរសព្ទដែលសល់ពីមុនចោលទាំងអស់។ ពោលគឺ លោកអ្នកត្រូវធ្វើ Factory Restore (ឈូសមេម៉ូរីក្នុងទូរសព្ទចោលទាំងអស់) តែម្តង ដើម្បីឱ្យម៉ាស៊ីនទូរសព្ទទទេស្អាតដូចទើបទិញមកថ្មី។

ចំពោះដំណោះស្រាយនេះ ប្រសិនបើលោកអ្នកសម្រេចធ្វើមែន Post Tech សូមផ្តល់យោបល់ឱ្យធ្វើការ Backup ទិន្នន័យទុកតាមកម្មវិធី iTunes លើកុំព្យូទ័រ ឬរយៈតាម iCloud លើទូរសព្ទជាមុនសិន ដើម្បី​ជៀសវាង “ប្រាក់ក៏បង់ ថង់ក៏ដាច់” ព្រោះទូរសព្ទ iPhone នីមួយៗអាចសុខគ្នាតាមម៉ូឌែល និងម៉ាស៊ីនផលិតនៅតាមរោងចក្រខុសៗគ្នា។

ប្រភពព័ត៌មានៈ pocket-lint

វិធីធ្វើ Factory Reset លើ iPhone
សូមចូលទៅកាន់កម្មវិធី Settings -> General -> Reset -> Erase all content and settings -> បញ្ចូលលេខកូដសម្ងាត់ ៤ ខ្ទង់ (បើលោកអ្នកមិនបានប្រើលេខកូដសម្ងាត់សម្រាប់ចាក់សោទូរស័ព្ទរបស់ខ្លួនទេ សូមវាយបញ្ចូលលេខកូដ 0000 ឬ 1234) រួចចុចលើ Erase iPhone ដើម្បីយល់ព្រមការធ្វើ Hard Reset៕

វិធី Backup ឯកសារក្នុង iPhone ឬ iPad ទុកលើកុំព្យូទ័រតាម iTunes
– ភ្ជាប់ឧបករណ៍ទៅកុំព្យូទ័រតាមខ្សែ USB រួចបើកកម្មវិធី iTunes (ជំនាន់ចុងក្រោយបង្អស់)
– ចុចលើ This computer បន្ទាប់ពីកម្មវិធីស្គាល់ iPhone ឬ iPad លោកអ្នកហើយ (ឈ្មោះ iPhone ឬ iPad អ្នកបង្ហាញឡើង)
– បន្ទាប់មក ចុចលើ Encrypt iPhone backup រួចដាក់លេខសម្ងាត់សម្រា់បចាក់មិនឱ្យនរណាអាចបើកវាបាន ហើយចុចលើ Back Up Now ជាការស្រេច។

វិធី Restore ឯកសារឡើងវិញ
– ភ្ជាប់ iPhone ឬ iPad ជាមួយកុំព្យូទ័រតាមខ្សែ USB រួចបើកដំណើរការកម្មវិធី iTunes
– បន្ទាប់មក សូមជ្រើសរើស Preferences នៅលើមឺនុយកម្មវិធី រួចចុចលើ Devices ហើយចុច Mouse ស្តាំលើឯកសារ Backup ថ្មី រួចជ្រើសយកជម្រើស Archive
– ភ្លាមៗនោះ ដំណើរការ Restore នឹងចាប់ផ្តើម ហើយបន្ទាប់ពីរួចរាល់ ឯកសារ Backup នោះ នឹងលេចចេញកាលបរិច្ឆេទ និងម៉ោងដែលលោកអ្នកបានធ្វើការចុច Restore។

មតិយោបល់