ព័ត៌មានជាតិ

ឡានបុកគោសោះ ម៉ូតូមកដល់បុកបន្ថែមទៀតបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់របួសធ្ងន់!

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បន្ទាប់ពីមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកទៅបុកគោមួយក្បាលបណ្តាលឲ្យរបួសធ្ងន់ គាប់ជួនមានម៉ូតូមួយគ្រឿងទៀតបើកមកទាន់បុកបន្ថែមទៀត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់តែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពាន៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមួយគ្រឿង មិនស្គាល់​ម៉ាកមិនស្គាល់ពណ៌​ មិនស្គាល់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើករថយន្តរត់បាត់​ពីកន្លែងកើតហេតុ) បើកបរក្នុង​ទិសដៅ​ពីជើងមកត្បូង ពេលដល់ចំណុចកើតហេតុខាងលើក៏បានបុកសត្វគោមួយក្បាល ពណ៌​សដើរក្នុងទិសដៅពីលិចឆ្លងផ្លូវទៅកើត បណ្តាលឲ្យគោរងរបួសធ្ងន់ដេកដួលនៅកណ្តាលផ្លូវ ហើយ​ស្របពេលនោះក៏មានម៉ូតូមួយ​គ្រឿង​ម៉ាក ​SUZUKI SMASH ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ ក្រចេះ​ 1A-9780 (មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់) បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មកជើង ក៏បាន​បុក​សត្វ​គោ​ខាងលើ​បន្ថែម​ទៀត​ បណ្តាលឲ្យអ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឈឹម សុផា​ ភេទប្រុស​ អាយុ​៥៧ឆ្នាំ មានទីលំនៅភូមិ​ព្រែកថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ រងរបួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនមកមន្ទីរពេទ្យជ័យជំនះ៕

មតិយោបល់