ព័ត៌មានជាតិ

បើកម៉ូតូបុកជាមួយរថយន្តក្រុង បណ្តាលឲ្យស្លាប់យុវជនម្នាក់

កណ្តាលៈ យ៉ាងហោចណាស់មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារបើកម៉ូតូបុកជាមួយរថយន្តក្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ក្នុងភូមិសន្លុង ឃំុសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ១គ្រឿងម៉ាកហុងដាសេឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-1223 បើកដោយឈ្មោះ ណុល ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅឃំុពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម។

លោកវរសេនីយ៍ទោ ម៉ែន សុខឃឿនអធិការស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរចេញពីទិសខាងជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តក្រុងម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខលាយស្លាទុំ 3D-8279 (អ្នកបើករត់គេចខ្លួនបាត់)និងដឹកអ្នកដំណើរចំនួន៤១នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើវាស់វែងហើយប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនិតិវិធី៕

មតិយោបល់