ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់និស្សិតសមាគម អ.ម.ត ចូលរួមធ្វើកិច្ចការសង្គម និងធ្វើទង្វើល្អ

សៀមរាបៈ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស និស្សិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហៅកាត់ថា (អ.ម.ត ឬ AMT) បានជួបសំណេះសំណាលជាមួយ និស្សិតសមាគម អ.ម.ត ឬ AMT ប្រមាណជាង១០០នាក់នៅខេត្តសៀមរាប ។

ក្នុងជំនួបនោះលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រុមការងារនិងនិស្សិតសមាគម អ.ម.ត ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាព្រមទាំងថវិកាចូលរួមនៅក្នុងសកម្មភាពសង្គមជាច្រើន នាពេលកន្លងមក និងបានលើកទឹកចិត្តក្រុមការងារ និងនិស្សិតទាំងអស់ បន្តចូលរួមធ្វើកិច្ចការសង្គមឲ្យកាន់តែសកម្មថែមទៀត និងប្រព្រឹត្តនូវអំពើល្អក្នុងរូបភាពជានិស្សិតសមាគម អ.ម.ត ឬ AMT ដែលជាអត្តសញ្ញាណដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។ លោកក៏បានផ្តល់ដំបូន្មានល្អៗ និងលើកទឹកចិត្តឲ្យសិស្ស និស្សិតខិតខំរៀនសូត្រ តស៊ូជំនះរាល់ការលំបាកទាំងឡាយនៅក្នុងជីវិត ដើម្បីរៀនសូត្រឲ្យបានចប់ និងមានអនាគតដ៏ប្រសើរនៅពេលខាងមុខ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកក៏បានអញ្ជើញចូលរួមក្នុងពីធីសំណេះសំណាលនិងបញ្ចូលសមាជិកសមាគមអាហារូបករណ៍សិស្សនិស្សិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រចាំខេត្តសៀមរាបចំនួន៧៩នាក់និងសម្ពោធទីស្នាក់ការសមាគមប្រចាំខេត្តសៀមរាបនៅសៀលថ្ងៃម្សិលមិញនេះ។

លោក មាស ឆាយ ប្រធានក្រុមការងារសមាគមអាហារូបករណ៍សិស្ស និស្សិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត ឬ AMT) ប្រចាំខេត្តសៀមរាបបានឲ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលសមាគមបានប្រារព្ធពិធីបញ្ចូលសមាជិក ដែលលើកទីមួយបានបញ្ចូលសមាជិកចំនួន១២១ អង្គនាក់ និងលើកទី២បានចំនួន៧៩នាក់សរុបទាំងអស់ចំនួន២០០អង្គនាក់។

ក្នុងឱកាសនោះដែរ ហ៊ុន ម៉ាណែត បានប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកជូនដល់និស្សិត(អ.ម.ត ឬ AMT) ប្រចាំខេត្តសៀមរាប ចំនួន៧៩នាក់ ប្រកបដោយបរិយាកាសស្និតស្នាលនិងមោទនភាព ព្រមទាំងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមាគមប្រចាំខេត្តសៀមរាបចាប់ពីពេលនេះតទៅ៕

photo_2016-06-03_15-24-26photo_2016-06-03_15-24-28

មតិយោបល់