ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសស្ត្រីម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យ ១០លានរៀល រឿង បើកហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ លោក អ៊ី ថាវរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ម៉ុម សុខា ភេទស្រី អាយុ ៣២ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលជាថវិការដ្ឋ ពីបទ សញ្ចារកម្ម ប្រព្រឹត្តនៅហាងម៉ាស្សា កោសជប់ យីហោ ១៥៤ តាមផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ យោងតាមមាត្រា ២៨៤ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧កន្លងទៅជនជាប់ចោទបាន ឆ្លើយថាខ្លួនបានបើកហាងម៉ាស្សាយីហោខាងលើបានជាង១ខែ ដោយមានស្ត្រីម៉ាស្សាចំនួន ៧នាក់ ដោយយកតម្លៃ ១ម៉ោង ១ម៉ឺនរៀល។ លុយដែលបានពីសេវាម៉ាស្សា កោសជប់ ១ម៉ឺនរៀលនោះ ខ្លួនដកយក ៧០០០រៀល និងឱ្យទៅស្ត្រីម៉ាស្សា ៣០០០រៀល។

ជនជាប់ចោទបាន ដោះសារថា ខ្លួនមិនបានដឹង រឿងស្ត្រីម៉ាស្សា ដេកជាមួយភ្ញៀវនោះទេ។

យោងតាមអំណានចម្លើយរបស់ស្ត្រីម៉ាស្សា បានឱ្យអង្គសវនាការដឹងថា ពួកគេបានដេកជាមួយភ្ញៀវ ម្តងតម្លៃ ១៥ដុល្លារ ទៅ៣០ដុល្លារ ដោយដកលុយ ម្តងចំនួន ១ម៉ឺនរៀលឱ្យជនជាប់ចោទ។

លោក លី សុឃុន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរាជធានីភ្នំពេញបាន ឱ្យដឹងថា នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោកបានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងខាងលើ ដោយរកឃើញភស្តុតាង ជាស្រោមអនាម័យដែលប្រើប្រាស់រួចនៅក្នុងបន្ទប់ម៉ាស្សា និងមិនទាន់ប្រើប្រាស់រួចជាច្រើន។

ក្រោយរកឃើញភស្តុតាង សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទខាងលើជាម្ចាស់ហាងដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕

https://youtu.be/B0QNrE8jsZ0

មតិយោបល់