ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង ​រងរបួសធ្ងន់ស្រាល៥នាក់​ នៅស្ទឹងត្រែង!

ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង១១នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះអ៊ីម ពីន លើផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លងជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-8649 ជិះដោយឈ្មោះ សន ស្រីម៉ៅ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាក១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1B-1240 ជិះដោយឈ្មោះ ម៉ៃ តុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិថ្មី ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ចំពោះករណីនេះ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់(ប្រុសម្នាក់ ស្រីម្នាក់) ក្មេងប្រុសម្នាក់របួសធ្ងន់ និងរបួសស្រាល២នាក់។ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោយទាំង២គ្រឿងមករក្សាទុករង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់