ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ(មជ្ឈឹម២) ដែលដឹកនាំដោយលោក ប៊ុន សត្យា សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនបុរសជនបរទេសចំនួន២នាក់ ក្នុងចំណោមបក្សពួកគ្នា៣នាក់ នាំមកធ្វើការឆែកឆែរកន្លែងស្នាក់នៅរបស់ពួកគេ ក្រោយពីការចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង ២ និង ៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ក្រោយពីបានរកឃើញថា ពួកគេតែងតែបាននាំគ្នាដើរធ្វើសកម្មភាពលួចប្រាក់តាមទូ ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលកន្លងនោះ។
ការឆែកឆែរនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ នៅចំណុចបន្ទប់ជួលជាន់ទី ២ ផ្ទះលេខ ១៦៨ ផ្លូវលេខ ១៦៧ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនបរទេសដែលបានឃាត់ខ្លួនទាំង២នាក់មានទី១-ឈ្មោះ THANA RAK ជានជាតិស្រីលង្កា អាយុ ៣០ឆ្នាំ និងទី២-ឈ្មោះ CHANDHRA KANTH ជនជាតិឥណ្ឌា អាយុ ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាន់ទី ២ ក្នុងផ្ទះល្វែងខាងលើ។ ការនាំខ្លួនបុរសជាជនបរទេសទាំង២នាក់មកធ្វើការឆែកឆេរកន្លែងស្នាក់នៅរបស់ពួកគេនេះដែរគឺបានធ្វើឡើង ក្រោយពីកម្លាំងរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ(មជ្ឈឹម២) បានធ្វើការបង្ក្រាបពួកគេក្នុងចំណោមបក្សពួកគ្នា ៣នាក់ ដោយសារតែពួកគេបាននាំគ្នាដើរធ្វើសកម្មភាពលួចលុយទៅតាមទូATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ កាលពីពេលកន្លងមកនេះ ទើបបានឃាត់ខ្លួន និងនាំមកធ្វើការឆែកឆេបន្ទប់ស្នាក់នៅខាងលើតែម្តង។ ដោយក្នុងការឆែកឆេរបន្ទប់ស្នាក់នៅរបស់ក្រុមជនសង្ស័យទាំង២នាក់ស្នាក់នៅនេះដែរ កម្លាំងមានសម្ថកិច្ចបានរកឃើញវត្ថុតាង ដែកពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពលួចប្រាក់តាមទូ ATM ជាច្រើនទៀតផងដែរ ចំណេកឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ និង កំពុងតែស្រាវជ្រាវរកចាប់ខ្លួនជាបន្តទៅទៀត។
ក្រោយពីការឆែកឆែរបន្ទប់ស្នាក់នៅខាងលើនេះរួចហើយ ក្រុមជនសង្ស័យជាជនបរទេសទាំង២នាក់ រួមទាំងវត្ថុតាងមួយចំនួន ដែលកម្លាំងមានសម្ថកិច្ចបានរកឃើញនៅពេលនេះ បានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនបក្សពួកម្នាក់ទៀតដែលនៅសេសសល់យកមកធ្វើការផ្តន្ទាទោសជាបន្តទៅទៀតផងដែរ៕
មតិយោបល់