ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចកាច់កម៉ូតូ ខណៈដែលម្ចាស់ចូលច្រៀងក្នុងខារ៉ាអូខេស្លីមកាហ្វេ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចកាច់កម៉ូតូ ខណ:ម្ចាស់ចូលច្រៀងខារ៉ាអូខេស្លីមកាហ្វេ។

ហេតុការណ៍នេះបានកើតឡើង១២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ញ៉ែម កន្យាណ ភេទស្រី អាយុ២៧ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៧ ផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះ អេង សុថេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកមាន ដែកសម្រាប់កាច់កម៉ូតូចំនួន១ ,ម៉ូតូ១គ្រឿងម៉ាក KYMCO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CI-2921 ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព។ ម៉ូតូដែលបាត់ទៅនោះម៉ាក ហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-1610។

ប្រភពដដែលបន្តថា នៅវេលាម៉ោង៦ និង២៥នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះមកចូលច្រៀងខារ៉ាអូខេ ស្លីមកាហ្វេ ជាមួយមិត្តភក្តិរហូតដល់ម៉ោង៩ និង២០នាទី ជនរងគ្រោះបានចុះពីខាអូខេមកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូ ពេលនោះជនរងគ្រោះក៏ប្រាប់សន្តិសុខដែលយាមប្រចាំការនៅ ហាងខារ៉ាអូខេ និងម្ចាសហាង បានបើកកាមេរ៉ាសុវត្ថិភាពមើលក៏ឃើញជនសង្ស័យជាអ្នកមកច្រៀងខារ៉ាអូខេដែរ បានធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះ ហើយគេចខ្លួនទៅបាត់ ដោយបន្សល់ទុកនៅម៉ូតូមួយគ្រឿង KYMCOពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CI-2921 ក្រោយមកក៏មានឈ្មោះ ឈុន ចិន្ដា ភេទស្រី អាយុប្រហែល១៤ឆ្នាំ ដែលមកចូលច្រៀងខារ៉ាអូខេ ជាមួយជនសង្ស័យស្គាល់ផ្ទះជួលរបស់ជនសង្ស័យ នៅផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏នាំសន្តិសុខ និងសមត្ថកិច្ចទៅឃាត់ខ្លួនជនសង្ស័យយកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់