កំពង់ស្ពឺៈ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានទាំងប្រពន្ធ និងឪពុករបស់ជនសង្ស័យដែលជាប្រធានរដ្ឋបាលមន្ទីរផែនការខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ដកហូតបានកាំភ្លើងខ្លី និងថ្នាំញៀនគ្រឿង២កញ្ចប់ធំ។
ការបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមន្ទីរយុត្តិធម៌ និង កម្លាំងមូលដ្ឋានកងរាជអាវុធក្រុងច្បារមនដឹកនាំដោយ លោកអនុសេនីយ៍ឯក ទិត្យ វណ្ណះ ប្រធានមន្ទីរយុត្តិធម៌ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានដេញបង្ក្រាបជនសង្ស័យចំនួន២នាក់ តាំងពីក្រោយផ្សារកំពង់ស្ពឺរហូតពួកគេបានរត់ចូលផ្ទះ មុនបានចូលផ្ទះជនសង្ស័យបានបោះ ចោលគ្រឿងញៀននិងសម្ភារៈតាមផ្លូវជាច្រើនដែលត្រូវពលរដ្ឋរើសយកបាត់អស់។ ប៉ុន្តែសមត្ថកិច្ចបានបន្តបង្ក្រាបករណីជួញដូរចែក ចាយគ្រឿងញៀននេះ នៅភូមិឃុំខាងលើទទួលបានជោគជ័យ។
ក្នុងនោះកម្លាំងឃាត់បានខ្លួនជនសង្ស័យចំនួន៤នាក់ ទី១ឈ្មោះយី សំបូរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសង្កាត់ ខាងលើ (ជាមេចែកចាយគ្រឿងញៀន) ទី២ឈ្មោះ នូន សារិទ្ធឌី ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា (ជាអ្នកដើរចែកចាយ) ទី៣ឈ្មោះ កែម សារិទ្ធ ភេទអាយុ៥១ឆ្នាំ មុខរបរប្រធានរដ្ឋបាល មន្ទីរផែនការ ខេត្តកំពង់ស្ពឺ មានទីលំនៅជាមួយគ្នា (ជាម្ចាស់ផ្ទះ)និងជាឪពុកជនសង្ស័យ ទី៤ឈ្មោះ ម៉ាក់ សុម៉ាលី ភេទស្រី អាយុ ២៦ឆ្នាំមុខរបរលក់ដូរ មានទីលំជាមួយគ្នា(ជាប្រពន្ធ របស់មេចែកចាយឈ្មោះ យី សំបូរ) ។
សម្ភារៈដកហូតបានរួមមាន ថ្នាំញៀនម៉ាទឹកកកចំនួន២កញ្ចប់ធំស្មើ ២០៤,៣៥ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀម១,កាំភ្លើងខ្លី១ដើម ម៉ាកBERETTA (បាញ់គ្រាប់ជ័រ) រួមនឹងគ្រាប់ជ័រ១០០គ្រាប់,ម៉ូតូសម្រាប់ធ្វើ មធ្សោបាយចែកចាយចំនួន២ គ្រឿង,ដប់ថ្នាំសម្រាប់ជក់១ ។
បច្ចុប្បន្នជនសង្ស័យវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងបានបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់