ព័ត៌មានអន្តរជាតិ

កងវិស្វកម្មរុស្ស៊ី កម្ទេចចោលគ្រឿងផ្ទុះចំនួនជាង ១,៥០០ គ្រាប់ ក្នុងប្រតិបត្តិការដោះមីននៅស៊ីរី

ស៊ីរីៈ ក្រុមកងវិស្វកម្មរុស្ស៊ី ដែលមានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាដោះមីនដ៏ទំនើបបំផុត បានរកឃើញគ្រឿងផ្ទុះជាង ១,៥០០គ្រាប់ ចាប់តាំងពីពួកគេបានចាប់ផ្តើមឈូសឆាយផ្លូវនានានៃទីក្រុង Deir ez-Zor ខណៈដែលកងទ័ពស៊ីរី នៅតែបន្តបោសសម្អាតពួកភេរវករ ISIS ដែលនៅសេសសល់ជុំវិញទីក្រុង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមអ្នកជំនាញឯកទេសបោសសម្អាតគ្រាប់មីនរុស្ស៊ីចំនួន ១៧០ នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងស៊ីរី ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការចាកចេញនៃកងទ័ពស៊ីរី ឆ្ពោះដំណើរប្រតិបត្តិការទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងទីក្រុង Deir ez-Zor ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងវិស្វកម្មខ្លួន បានបំបែកជា ១០ ក្រុម ដើម្បីធ្វើការត្រួតពិនិត្យ និងបោសសម្អាតផ្លូវថ្នល់ចម្ងាយ៨ គីឡូម៉ែត្រ និងអគារចំនួន ៨ ខ្នង ក្នុងបរិវេណដីប្រហែល ៣ ហិកតានៃតំបន់ជុំវិញ ដោយក្រុមការងារបានរកឃើញ និងបំផ្លាញគ្រឿងផ្ទុះប្រហែល ១,៥០០ គ្រាប់ រួមទាំងឧបករណ៍ផលិតជាតិផ្ទុះ និងគ្រាប់បែកឆ្នៃចំនួន ១០០ គ្រាប់ផងដែរ៕

មតិយោបល់