ភ្នំពេញៈ ក្រោយពីបានបញ្ជូនខ្លួនទៅតុលាការកាលពីម្សិលមិញម្តងរួចមកហើយ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនស្រ្តី ជាមេបនល្បែង សុីសងប្រភេទស្ទួចគម្របក្លងប្រេងកូឡា ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីបន្តទៀត។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងសុីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោក កុល បុន ជាអយ្យការកាន់សំណុំរឿង បានថ្លែងតាមទូរស័ព្ទថា សំណុំរឿង ស្ត្រីមេបនល្បែងស៊ីសងនេះ លោកបាន បញ្ជូនទៅជម្រះផ្ទាល់ ហើយលោកកំពុងរងចាំ ចៅក្រមជំនុំជម្រះ បើកសវនាការកាត់ទោស ស្ត្រីជាជនសង្ស័យខាងលើផងដែរ។
គួររំលឹកថា សមត្ថកិច្ចនគរបាលផ្នែកយុត្តិព្រហ្មទណ្ឌខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ បានចុះបង្ក្រាបជាក់ស្តែង ករណីបើកលេងល្បែងសុីសងគ្មានច្បាប់អនុញ្ញាត ប្រភេទស្ទួចគម្របក្លងប្រេងកូឡា ដោយឃាត់ខ្លួនបានជនសង្ស័យស្ត្រីខាងលើនៅចំណុច រោងកម្មករស្នាក់នៅក្នុងបុរីប៉េងហួត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានដកហូត វត្ថុតាងមួយចំនួនរួមមាន៖
-ធុងសម្រាប់ស្ទួចគម្របក្លងប្រេងកូឡាចំនួន ៣
-ដងស្ទួចគម្របក្លងប្រេងកូឡា ចំនួន ២ដើម
-គ្រាប់ក្លងប្រេងកូឡា ចំនួន ២៤គ្រាប់
-កំណាត់កៅស៊ូក្រាលសម្រាប់ចាក់លេខ ចំនួន ១ផ្ទាំង
-ប្រាក់រៀលចំនួន ២៦មុឺនរៀល
-ខ្សែដៃប្លាកទីន ចំនួន ១ខ្សែ
-កងដៃប្លាកទីន ចំនួន ៤កង
-ចិញ្ជៀនមាស ចំនួន ៤វង់
-ចិញ្ជៀនប្លាកទីន ចំនួន ១វង់
-ខ្សែជើងកាឡៃ ចំនួន ២ខ្សែ
-និងក្រវិលកាឡៃ ចំនួន ១គូ។
ក្រោយពីឃាត់ខ្លួនស្រ្តីរូបនេះសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបាននាំយកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
https://youtu.be/XYS9VmmCP00
មតិយោបល់