ភ្នំពេញៈ សមត្ថកិច្ចខណ្ឌសែនសុខ តាមប្រមាញ់ចាប់ក្រុមជនសង្ស័យដែលជាបក្ខពួកចោរដើរលួចម៉ូតូគេចំនួន៣នាក់ដល់ផ្ទះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាច់សោ កយកម៉ូតូស៊េរីថ្មីទំនើប១គ្រឿង កាលពីម៉ោង១២ថ្ងៃត្រង់ ទី១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ ឃឹម ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឲ្យប្អូនប្រុសរបស់គាត់ អូសម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ6254 របស់គាត់ចេញពីក្នុងផ្ទះមកដាក់នៅមុខបន្ទប់ដោយចាក់សោកត្រឹមត្រូវ រួចក៏បានយកម៉ូតូផ្សេងទៀតជិះចេញក្រៅផឹកកាហ្វេ។ ប្រហែលមួយស្របក់ធំក្រោយមក ក៏ស្រាប់តែប្អូនប្រុសទូរសព្ទមកប្រាប់ថា ម៉ូតូនោះ ត្រូវចោរលួចបាត់ហើយ។
លោកបានបន្តទៀតថា ខណៈនោះគាត់ក៏បានតាមរកដោយឆែកមើលតាមប្រព័ន្ធការពារសុវត្ថិភាពជីភីអេសGPS ដែលបំពាក់ក្នុងម៉ូតូភ្ជាប់ជាមួយទូរសព្ទដៃរបស់គាត់ ឃើញនៅក្នុងផ្ទះមួយនៅភូមិអូរបែកក្អម ទើបប្តឹងមកសម្ថិតកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ឲ្យមកជួយអន្តរាគម៍ និងដកហូតម៉ូតូបានវិញភ្លាមៗជាក់ស្តែងដោយឃាត់ខ្លួនមនុស្សប្រុស៣នាក់ដែលនៅក្នុងផ្ទះលាក់ទុកម៉ូតូនោះផងដែរ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនជាប់ចោទទាំង៣នាក់នោះទី១ឈ្មោះ អៀម វីយ៉ា អាយុ៣៦ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិព្រៃស្ងួន សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ,ទី២ឈ្មោះ អៀម លីដា អាយុ៣៤ឆ្នាំ មុខរបរកម្មករ និងទី៣ឈ្មោះ ម៉ៅ ស៊ីគិន អាយុ៤២ឆ្នាំ មុខរបរកម្មករ ។ អ្នកទាំង៣នាក់ មានមុរខរបរកម្មករសិប្បកម្ម ដែកអីណុក ស្នាក់នៅផ្ទះជួលក្នុងភូមិអូរបែក្អម ត្រង់ចំណុចផ្ទះកើតហេតុឃាត់ខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃុំខ្លួននិងសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងឯកសារចាត់ការតាមច្បាប់ ៕
មតិយោបល់