ព័ត៌មានជាតិ

Update៖ បុរសជាងដែកម្នាក់ ឆក់ខ្សែភ្លើងស្លាប់យ៉ាងអណោចអាធ័មនៅក្នុងផ្សារឌីហ្វាលក់គ្រឿងសំណង់

ភ្នំពេញ: បុរសជាងដែកម្នាក់ បានឆក់ខ្សែភ្លើងស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័មនៅក្នុងផ្សារឌីហ្វាលក់គ្រឿងសំណង់ ខណ:ដែលរូបគាត់និងបុរសជនជាតិចិនម្នាក់ទៀតនាំគ្នាដាក់អន្ទារឡើងទៅស្វានដែកដើម្បីដាក់ផ្ទាំងស្លាកយីហោនៅខាងមុខតូបលក់ដូរមួយនោះ។

ករណីនេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៧ មុខតូបមួយកន្លែងក្នុងផ្សារឌីហ្វាលក់គ្រឿងសំណង់ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឡន ចាន់ពិសី អាយុ ២៧ឆ្នាំ មុខរបរជាងដែក (មានគូដណ្តឹងនឹងរៀកការនៅដាច់ឆ្នាំនេះ)មានទីលំនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។មុនពេលកើតហេតុ បុរសរងគ្រោះរួមជាមួយនឹងបុរសជនជាតិចិនម្នាក់ទៀត បាននាំគ្នាដាក់អន្ទារឡើងទៅធ្វើស្លាកយីហោនៅខាងមុខតូបលក់ដូរមួយកន្លែងខាងលើ ខណ:ដែលបុរសជនជាតិចិនកំពុងកាន់ផ្ទាំងស្លាកយីហោ ហើយរូបគាត់កាន់ដែកស្វានកំពុងតែស្វាននោះក៏ស្រាប់តែឆក់ខ្សែភ្លើងធ្លាក់ពីលើដែកអន្ទារបោកក្បាលទៅលើបេតុងខាងក្រោមបែកក្បាលស្លាប់ភ្លាមៗតែម្តង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ការឆក់ខ្សែភ្លើងបណ្តាលឱ្យបុរសជាងដែកម្នាក់ស្លាប់នេះ គឺកើតឡើង ដោយសារតែរូបគាត់ឡើងទៅឈរលើអន្ទារដែកដោយមិនពាក់ស្បែកជើង និងជើងអន្ទារសង្កត់លើខ្សែរភ្លើងអូសចុះឡើងៗ ធ្វើឲ្យដាច់រលាត់ខ្សែភ្លើងឆ្លងឆក់ធ្លាក់មកលើបេតុងបណ្តាលឱ្យស្លាប់បែបនេះតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងកោសល្យវិច័យទៅលើសាកសពរបស់បុរសជាងដែករងគ្រោះបានបញ្ជាក់ថា «ជនរងគ្រោះពិតជាស្លាប់ដោយសារតែការឆក់ខ្សែភ្លើងពិតប្រាកដមែន»ទើបប្រគល់ឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់