ភ្នំពេញៈ ក្រោយពីមានការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុក មួយចំនួន ពាក់ព័ន្ធនឹងការដោះលែង ជនសង្ស័យជា បុរសចិនម្នាក់
ដែលពាក់ព័ន្ធ ករណីប៉ុនប៉ងហិង្សា លើមេធាវី កាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នោះ។
នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ លោក សេង ហៀង ជាតំណាងអយ្យការកាន់ សំណុំរឿង មិនអាចសុំការបញ្ជាក់អំពីមូលហេតុ ឬនីតិវិធីនៃការសម្រេចដោះលែងជនសង្ស័យបានទេ ដោយលោកគ្រាន់តែឆ្លើយតបតាម Telegram យ៉ាងខ្លីថា «រឿងនេះទៅសួរ បងមករា ទៅដឹងហើយ»។
សូមជម្រាបជូនថា ក្រសួងយុត្តិធម៌ កាលពីពេលកន្លងទៅបានសម្រេច ចាត់តាំង លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឲ្យធ្វើជា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងមួយនេះ។
ប៉ុន្តែនៅក្នុងសប្តាហ៍នេះលោក លី សុផាណា បានសុំច្បាប់ ដោយលោកបញ្ជាក់ថា លោកមានបេសកកម្មនៅក្រៅប្រទេស។
គេក៏មិនទាន់ដឹងថា តើលោក មករា ដែលលោក សេង ហៀង ឲ្យទៅសួរនោះ ជាអ្នកនាំពាក្យ ស្តីទីនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបនឹងតែងតាំងថ្មីឬមួយយ៉ាងណានោះទេ?
យោងតាមសមត្ថកិច្ចខណ្ឌ៧មករា បានប្រាប់ថា បុរសសង្ស័យជាជនជាតិចិនដែលត្រូវលោក សេង ហៀង សម្រេចដោះលែងឲ្យទៅផ្ទះវិញនោះមានឈ្មោះ យី ជៀនលី ភេទប្រុសអាយុ ៤៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខE ៩៩៤៥១៤៦០ ស្នាក់នៅផ្ទះជួលលេខ៤៩E0 ផ្លូវលេខ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពដដែលបន្ដថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធករណី ប្រើអំពើហិង្សា ដោយយកកាំបិតបុ័ងតោកាប់លើរថយន្ត និងប៉ុនប៉ងកាប់ លើជនរងគ្រោះ ឈ្មោះ អ៊ិន តារា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាមេធាវី មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដើមចមនៃការឈានដល់ផ្ទុះអំពើហិសង្សានោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា នៅវេលាកើតហេតុ ជនរងគ្រោះបានបើករថយន្ត ទៅឈប់នៅមុខ ការិយាល័យមេធាវីរបស់មិត្តភក្តិ ដោយឡានបានលយចូលចំណែកផ្លូវមុខហាងលក់ សាច់អាំង របស់ជនសង្ស័យ។
ឃើញដូច្នោះ ជនសង្ស័យក៏ បានយកកាំបិតប៉័ងតោ ទៅស្រែក និងកាប់រថយន្តជនរងគ្រោះ ថែមទាំងប៉ុនប៉ងកាប់ជនរងគ្រោះផងដែរ។
ភ្លាមៗ សមត្ថកិច្ចខណ្ឌ៧មករា បានចុះទអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត។
ក្រោយពីសាកសួរ ជនសង្ស័យរួចរាល់ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ លោក សេង ហៀង ជាតទំណាងអយ្យការក៏បាន សម្រេចដោះលែងជនសង្ស័យនោះឲ្យមានសេរីភាពវិញទៅ៕
មតិយោបល់