ព័ត៌មានជាតិ

ខ្ចីទូរសព្ទខលទៅកន្លែងធ្វើការ! មិនបានទាញកាំបិតកាប់ឪពុករបួស

ភ្នំពេញៈ យុវជនម្នាក់​ បានខ្ចីទូរសព្ទពីស្រ្តីម្នាក់ដែលជាម្តាយបង្កើតរបស់ខ្លួន ដើម្បីខលទៅកាន់កន្លែងធ្វើការប៉ុន្តែ ខណៈនោះបុរសជាឪពុកបានដឹងក៏មិនឲ្យខ្ចីនោះទេ ដែលជាហេតុធ្វើឲ្យជននោះខឹងបានក្លាយទៅជាទំនាស់ពាក្យ សម្ដីគ្នាជាមួយឪពុក និងបងប្រុសបង្កើតរបស់ខ្លួន ។ បន្ទាប់មកជននេះបានទាញកាំបិតកាប់ឪពុករបស់ខ្លួន ឃើញដូច្នោះក៏ចូលទៅចាប់ដើម្បីយកចេញតែកូនមិនព្រមក៏បណ្ដាលឲ្យមានការបន្ទុះសារាយគ្នា ទើបបង្កឲ្យបុរសដែលជាឪពុករបស់ខ្លួនបានរងរបួសដៃយ៉ាងដំណំ ហើយក៏ត្រូវប្រជាការពារភូមិនិងប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ហេតុការណ៍មួយនេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ រតនៈ សម្បត្តិ អាយុ២០ឆ្នាំ មុខរបរ អ្នកលក់កាហ្វេនៅហាងមួយ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសជាឪពុកដែលត្រូវបានកូនរមិលគុណម្នាក់នេះកាប់ឲ្យរបួសឈ្មោះ ស៊ុន ឡេងន អាយុជាង៥០ឆ្នាំ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្លាមៗដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ យុវជនស្ទាវម្នាក់នោះបានខ្ចីទូរសព្ទពីម្តាយដើម្បីខលទៅកាន់កន្លែងធ្វើការ ប៉ុន្តែខណៈនោះបុរសជាឪពុកដឹងក៏មិនបានឲ្យខ្ចីនោះឡើយ បន្ទាប់មកគេបានសុំលុយទិញកាតបញ្ចូលទូរសព្ទផ្ទាល់ខ្លួន តែត្រូវបានឪពុកអត់ឲ្យទៀត ទើបជាហេតុធ្វើឲ្យជននោះមានការខឹងសម្បារ បានស្ដីថាឲ្យឪពុកនៅពាក្យសម្ដីគ្រោធគ្រាតផ្សេងៗ រហូតបង្កឲ្យមានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង។ ក្រោយពេលពេលឃើញមានរឿងបែបនេះ យុវជនម្នាក់ទៀតដែលត្រូវជាបងប្រុសបង្កើតរបស់គេ បានជួយខាងឪពុកដោយឈ្លោះជាមួយជននេះដែរ ហើយបានធ្វើឲ្យជននេះរឹតតែខឹងខ្លាំងឡើងថែមទៀត រួចក៏បានទាញកាំបិតបុ័ងតោកាប់ចំដៃឪពុក បណ្ដាលឲ្យរងរបួសតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយជនដៃដល់ប្រុងរត់គេចខ្លួនប៉ុន្តែរត់មិនរួចទេ ត្រូវបានប្រជាការពារនិងប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបានរួចបានប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសួរនាំចាត់ការតាមច្បាប់ ចំណែកបុរសជាឪពុកក៏បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលចាត់ការកូនប្រុសរូបនេះតាមច្បាប់៕

https://youtu.be/8kK5_sqLm6w

មតិយោបល់