ព័ត៌មានជាតិ

រថយន្តបុកគោនិងអ្នកដើរថ្មើរជើង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់!

កំពង់ចាម: លោកអធិការរងស្រុកបាធាយ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តបុកគោនិងអ្នកថ្មើរជើង បណ្តាលឲស្លាប់មនុស្សម្នាក់ និង ងាប់គោ១ក្បាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ នៅចំណុចមុខមន្ទីរពេទ្យបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេមានរថយន្ត១គ្រឿង ម៉ាកម៉ៃធីធូ ពណ៌សរ ពាក់ស្លាកលេខ ព្រះសីហនុ3A-2467 បើកបរឈ្មោះ ធឿង គន្ធាភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិជីនាង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកមនុស្សថ្មើរជើង និងគោ១ក្បាល ដែលដើរនៅចិញ្ចើមថ្នល់ខាងលិច (អ្នកថ្មើងជើងឈ្មោះ ឪ ពន្លក ប្រុស១៤ឆ្នាំ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម)ស្លាប់នៅនឹងកន្លែង និងគោងាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការវាស់វែង និងនាំយករថយន្តមករក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់