កណ្តាល: ជារឿងដ៏គួរឲ្យសោកសៅណាស់ ស្ត្រីម្នាក់បានស្លាប់ចោលប្តី និងទាំងមិនទាន់បានសម្រាលកូនផងនោះ បន្ទាប់ពីបែកទឹកភ្លោះ ក៏ស្លាប់ភ្លាមៗនៅក្នុងមន្ទីរសំរាកព្យាបាល ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧ និង៤៨នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅក្នុងមន្ទីរសំរាកព្យាបាល និងសម្ភព ម៉ា នី ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វធៀបការ-មានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ឲ្យដឹងថា៖ ករណីស្ត្រីម្នាក់ទៅសម្រាលកូននៅមន្ទីរសំរាកព្យាបាល និងសម្ភព ម៉ា នី កាលពីយប់មិញនោះ គឺពិតជាបានស្លាប់នៅក្នុងមន្ទីរសំរាកពិតមែន ដោយពេលភ្លាមៗនោះ លោកក៍បញ្ជាឲ្យកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមជំនាញរបស់នគរបាលយុត្តិធម៍។
លោកអធិការបានបញ្ជាក់ថា៖ បន្ទាប់ពីធ្វើការសាកសួររួចមក ជនរងគ្រោះស្លាប់ ដោយសារបែកទឹកភ្លោះ តែចំពោះករណីនេះ លោកនៅមិនទាន់អាចសន្និដ្ឋានបានទេថា ជនរងគ្រោះស្លាប់ដោយអាការៈ ឬក៍ស្លាប់ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យ ដោយសារកិច្ចការនេះ ជាជំនាញរបស់មន្ទីរសុខាភិបាល។
លោកអធិការបានបញ្ជាក់ទៀតថា៖ ករណីនេះលោកបានរាយការណ៍ទៅស្ថាបន័តុលាការហើយ ក្នុងនោះលោកក៏កំពុងឲ្យកម្លាំងជំនាញកសាងសំណុំរឿងបន្តផងដែ។
តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ ឈោ្មះឆាយ សោភណ្ឌ័ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានប្រាប់ម្តាយថា ឈឺពោះ ហេតុដូច្នោះគាត់ក៏បានរៀបចំឥវ៉ាន់ ដើម្បីមកសម្រាលកូន នៅមន្ទីរពេទ្យសម្ពព ម៉ា នី ពេលមកដល់ក៏បានយកជនរងគ្រោះ ចូលក្នុងបន្ទប់ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមឲ្យជនរងគ្រោះ បានប្រហែលមួយសន្ទុះ ជនរងគ្រោះក៏បានឈឺពោះបែកទឹកភ្លោះ ហើយគ្រូពេទ្យក៏បានចាប់ផ្តើមយកជនរងគ្រោះ ឡើងលើគ្រែដើម្បីសម្រាលកូន ដោយជនរងគ្រោះខំប្រឹងបង្កើតកូនចេញមក ក៏សន្លប់នៅពេលនោះ គ្រូពេទ្យក៏ជួយសង្គ្រោះទារករួចហើយ ក៏ជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែធ្លាក់ឈាមច្រើន ដោយជនរងគ្រោះមានអារម្មណ៍ថប់ទ្រូង គ្រូពេទ្យក៏បានជួយសង្គ្រោះសង្កត់ទ្រូង ប៉ុន្តែជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ចំពោះករណីខាងលើនេះដែរ ក្រុមការងារ Post News បានព្យាយាមទៅប្រធានមន្ទីរសំរាកព្យាបាល និងសម្ភព ម៉ា នី ដែរ ដើម្បីធ្វើការសាកសួរ តែមិនអាចទំនាក់ទំនងបាននោះទេ។
សូមរំលឹកថា៖ ករណីមន្ទីរសំរាកព្យាបាល និងសម្ភព នៅក្រុងតាខ្មៅ ហាក់បីដូចជាឆក់យកជីវិតអ្នកជំងឺញឹកញាប់ណាស់ សូមក្រសួងសុខាភិបាល និងស្ថាបន័ពាក់ពន្ធ័មេត្តាពិនិត្យ និងជួយចាត់វិធានការទៅលើគ្រូពេទ្យ ដែលគ្មានជំនាញច្បាស់លាស់ផង ដោយប្រជាពលរដ្ឋនៅពេលនេះ កំពុងរង់ចាំមើលថា តើស្ថាបន័តុលាការ នឹងមានវិធានការបែបណាទៅលើករណីនេះ៕
មតិយោបល់