ភ្នំពេញៈ នៅវេលាម៉ោង៣៖៥០នាទី រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិវត្តមកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេល៣ថ្ងៃ។
ក្នុងដំណើរអញ្ជើញទៅទទួលព្រះរាជដំណើរយាងនិវត្តរបស់ព្រះមហាក្សត្រ ដល់ព្រលានយន្តហោះអន្តរជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រះរាជវង្សានុវង្ស សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតំណាងអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជាជាច្រើនរូប និងអង្គទៀត។
គួរបញ្ជាក់ផងដែរថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលមានការរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍ដោយលោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ព្រមទាំងជួបព្រះរាជសវនាការជាមួយលោក ស៊ី ជីនពីង ប្រធានរដ្ឋចិន លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន និងលោក ចាង តឺជាំង ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន៕
មតិយោបល់