ព័ត៌មានកីឡា

Barcelona ត្រៀមជួប Atletico Madrid ដើម្បីចរចាររឿងទិញ Griezmann

ក្រុមយក្សអេស្ប៉ាញ Barcelona បានត្រៀមជួបក្រុម Atletico Madrid ដើម្បីពិភាក្សារឿង ទិញយកខ្សែប្រយុទ្ធ បារាំង Antonie Griezmann នៅរដូវក្តៅក្រោយនេះ មុនការតម្លើង Release Clause របស់កីឡាកររូបនេះ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា Barcelona បានត្រៀមទឹកប្រាក់ ៨៩លានផោន ស្មើនឹង ១០០លានអឺរ៉ូ ដើម្បីចរចារទិញយក Antonie Griezmann ពីក្រុម Atletico Madrid ។ ជាការពិតណាស់ Barcelona ថ្វីបើមានទម្រង់លេងយ៉ាងល្អ នៅក្នុងរដូវកាលនេះមែន តែក្លិបអេស្ប៉ាញមួយនេះ មិនទាន់រកបានកីឡាករណាម្នាក់ដែលមានសមត្ថភាព ប្រហែល ឬស្មើ​ Neymar ឡើយ។ បើទោះបីជា Barcelona បានចំណាយទឹកប្រាក់សន្ធឹកសន្ទាប់ ក្នុងការ​ទិញយក Ousmane Dembele ពីក្រុម Dortmund ក៍ដោយ តែកីឡាករវ័យក្មេងបារាំងរូបនេះ នៅមិនទាន់​បង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់ណាមួយនៅឡើយទេ។

ម្យ៉ាងវិញទៀតនោះ Debele កំពុងតែរងរបួសទៀត ដែលជាហេតុធ្វើឲ្យ Barcelona ត្រូវការកីឡាករបន្ថែម​ត្រង់តំបន់ប្រយុទ្ធស្លាបនេះ។ យ៉ាងណាវិញ Barcelona ធ្លាប់បានបង្ហាញនូវចំណាប់អារម្មណ៍ចង់បាន Griezmann ម្តងរួចមកហើយ កាលពីរដូវក្តៅកន្លងមក ក៍ប៉ុន្តែ កីឡាកររូបនេះ មិនព្រមចាកចេញពី Atletico Madrid ដោយរង់ចាំរហូតដល់ក្លិបផុតពិន័យសិន។ Barcelona កំពុងតែព្យាយាមយ៉ាងខ្លាំង ក្នុងការឆក់ឱកាសចាប់យក Griezmann នៅរដូវក្តៅក្រោយនេះ ឬបើអាចនៅខែមករាខាងមុខនេះតែម្តង ព្រោះថា Barcelona ខ្លាចគូបរជែងធំ Real Madrid និង Mancheter United ប្រមាញ់យក Antonie Griezmann ។

ដូច្នេះហើយ តម្លៃ ៨៩លានផោន ឬ ១០០លានអឺរ៉ូនេះដែរ នឹងក្លាយជាប្រធានបទយ៉ាងសំខាន់​​សម្រាប់ក្រុមយក្សទាំង៣ Real Madrid, Barcelona និង Manchester United ដែលកំណត់តម្លៃដូចគ្នា ក្នុងការទិញ Griezmann ពី Atletico Madrid ខណ:បី​សាចក្រហម Manchester United អាចហ៊ានច្រើនជាងនេះ។ ចាំមើលថា តើ Antonie Griezmann សម្រេចចិត្តចាកចេញទៅកាន់ក្រុមណាមួយក្នុងចំណោមក្រុមទាំង៣ តែ Griezmann ធ្លាប់បង្ហាញនូវចំណាប់អារម្មណ៍ចង់ផ្លាស់មកកាន់ Manchester United កាលពីមុនរដូវក្តៅកន្លងមក។

មតិយោបល់