ព័ត៌មានជាតិ

ផ្តន្ទាទោស​ ជឿង ថេង និងប្រពន្ធ​ ជាមេឈ្មួញឈើ ធំ និងមានដ៏ឥទ្ធិពលនៅកំពង់ស្ពឺ​ ដាក់គុកម្នាក់ត្រឹមតែ១ឆ្នាំ​ និងបើកទ្វាដេប៉ូឱ្យរកស៊ីលក់ឈើវិញ

ភ្នំពេញៈ ដូចជាអ្វីដែលបានគ្រោងទុករួចហើយ​ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧​ នេះលោក គី រិទ្ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស​ ជនជាប់ចោទ​៖

-ទី១ឈ្មោះ ជឿង ថេង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ យោធាយុទ្ធភូមិភាគទី៣​ ដាក់ពន្ធនាគារកំណត់រយៈពេល​ ១ឆ្នាំ​ និងពិន័យជាប្រាក់ចំនួន​ ៩៧,៣០៤,១៤០រៀល​ ដាក់ចូលជាថវិការដ្ឋ​។

-និងទី២ឈ្មោះ គូ សុខខឿន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរឈើ លំនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគារកំណត់រយៈពេល​ ១ឆ្នាំ​ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរធម្មតា​ និងពិន័យជាប្រាក់ចំនួន​ ១៤០,៧០៥,៨០២រៀល​ ដាក់ចូលជាថវិការដ្ឋ​

ពីបទ៖

១-ដឹកជញ្ជូន ផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

២-ធ្វើសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

៣-ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ចំណុចដេប៉ូឈើ ស្ថិតក្នុងភូមិផ្សារកន្ទូត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យោងតាមមាត្រា ៩៦ និងមាត្រា ៩៨ នៃច្បាប់ ស្តីពី ព្រៃឈើ។

សាលក្រមនេះ បានសម្រេចរឹបអូស​ វត្ថុតាងជាឈើដែលខុសច្បាប់ទាំងអស់ទុកជាសម្បត្តិរដ្ឋ​ និងបានសម្រេចបើទ្វាដេប៉ូឈើ ដែលត្រូវសមត្ថកិច្ចបិទពេលចុះបង្ក្រាបនោះ​ ដើម្បីឱ្យម្ចាស់មានឱកាសរកស៊ីដូចដើមវិញ​។

សូមជម្រាបថា សវនាការនៅព្រឹកនេះ​ និងកាលពីពេលកន្លងទៅគឺ​ មិនមានវត្តមាន ជនជាប់ចោទឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខខឿន នោះទេ ដោយមានតែមេធាវីតំណាងតែប៉ុណ្ណោះ។

យោងតាមអំណាចចម្លើយរបស់ជនជាប់ចោទឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខខឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រមូលទិញឈើប្រភេទធ្នុង ខុសច្បាប់ពីពលរដ្ឋមកស្តុកទុកនៅក្នុងដេប៉ូខ្លួនមែន។

យោងតាមការបញ្ជាក់របស់លោក អ៊ូ សាមឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើឱរ៉ាល់ បានឱ្យសវនាការដឹងថា នៅថ្ងៃចុះទៅឆែកឆេរដេប៉ូស្តុកឈើរបស់ជនជាប់ចោទជាប្តីប្រពន្ធខាងលើសមត្ថកិច្ចចំរុះ បានរកឃើញ វត្ថុតាងខុសច្បាប់មួយចំនួនធំរួមមាន៖

១-រថយន្ត ដឹកឈើ ម៉ាកហ៊ីយិនដាយចំនួន០២ គ្រឿង

២-ឈើប្រណិតប្រភេទលេខ១ ធ្នុង ចំនួន ១១១កំណាត់ ស្មើនឹង ៨.៥០៣ ម៉ែត្រគូប កាត់ជាជ្រុងៗ

៣-ឈើប្រណិតប្រភេទលេខ១ ឈ្លីច ចំនួន ១០០០ដើម ស្ញមើនឹង ១០០.១២៩ម៉ែត្រគូប កាត់ជាជ្រុងៗ

៤-ឈើប្រភេទលេខ១ ថ្លុងត្បែង អា ចំនួន ១,២៦៩សន្លឹក ស្មើនឹង១៩.៥៥៨ម៉ែត្រគូប

៥-ឈើអាគុណភាព ៥០ភាគរយ ចំនួន ១,២៨៩សន្លឹក ស្មើនឹង ២០.៧៣៥ម៉ែត្រគូប

លោកបន្តថា ក្រោយពេលដកហូត វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ស្ថិតនៅស្រុកសំរោងទង។

គួររំលឹកថា ជនជាប់ចោទឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាស័ក្តិ៤នៃយុទ្ធភូមិភាគ៣ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនតាមដីកាបង្គាប់របស់ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុច​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

ជនជាប់ចោទឈ្មោះ ជឿង ថេង ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ដាក់គុកនៅខេត្តកំពតកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ម្តងរួចមកហើយ ពាក់ព័ន្ធសំណុំរឿង ដឹកឈើទៅលក់ នៅប្រទេសវៀទតណាម តាមច្រកទាន់ហន់ បណ្ដាលឱ្យបាក់ស្ពាន តានៃ ស្ថិតក្នុងភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

ក្រោយពីបានឃុំខ្លួនមួយចំអិនកំពិសរួចមកជនជាប់ចោទឈ្មោះ ជឿង ថេង ក៏ត្រូវបានតុលាការខេត្តកំពតដោះលែងវិញ ក្រោមហេតុផលថា បានតំកល់ប្រាក់សងថ្លៃខូចខាតស្ពានចំនួន ២០០លានរៀល។

នៅពេលចេញពីគុកវិញ ជនជាប់ចោទបានបន្តសកម្មភាព ដើរប្រមូលទិញឈើប្រណិតប្រភេទធ្នុងនៅតំបន់ឱរ៉ាល់នៃខេត្តកំពង់ស្ពឺ ដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទាន់ហន់ដដែល ដោយមិនញញើតច្បាប់ និងមន្ត្រីអាជ្ញាធរឡើយ ដោយសារតែរូបគេអាង បុណ្យស័ក្តិជាទាហាន និងមានអ្នកជួយជ្រោមជ្រែងពីខាងក្រោយ។

តែចុងក្រោយជនជាប់ចោទ ជាឈ្មួញឈើដ៏មានឥទ្ធិពលប្រចាំខេត្តកំពង់ស្ពឺរូបនេះ នៅតែជាប់ខ្នោះរបស់សមត្ថកិច្ចសារជាថ្មី៕

មតិយោបល់