ព័ត៌មានជាតិ

អាមេរិក និងសហភាពអឺរ៉ុប បង្ហាញក្ដីបារម្ភពីសកម្មភាពឯកតោភាគីរបស់ចិន នៅសមុទ្រចិនខាងត្បូង

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេហៅថាសកម្មភាពឯកតោភាគី និងបង្កបញ្ហារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ការព្រួយបារម្ភខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងអគ្គលេខាធិការកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោក Stefano Sannino។ សេចក្ដីថ្លែងការណ៍នេះដដែល ក៏បានសង្កត់ធ្ងន់ផងដែរថាពីភាពចាំបាច់ក្នុង ការរក្សាទំនាក់ទំនងជិតស្និទរវាងអាមេរិក និងសហភាពអឺរ៉ុប ដើម្បីគ្រប់គ្រងការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង។

ក្រៅពីសំណុំរឿងសមុទ្រចិនខាងត្បូង មន្ត្រីជាន់ខ្ពស់អាមេរិក និងសហភាពអឺរ៉ុបក៏បានពិភាក្សាគ្នាដែរលើបញ្ហាសិទ្ធមនុស្ស នៅក្នុងតំបន់ស៊ីនជាំង, ទីក្រុងហុងកុង និងតំបន់ទីបេ។ លោកស្រី Wendy Sherman និងលោក Stefano Sannino គ្រោងនឹងពិភាក្សាគ្នាបន្ថែមទៀតពាក់ព័ន្ធនឹងចិន នៅថ្ងៃសុក្រនេះ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់