“ខណៈចំណូល Samsung កំពុងកើនឡើងកាន់តែល្អប្រសើរនៅក្នុងត្រីមាសទី ៤ នេះ”
កូរ៉េខាងត្បូងៈ កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសថា លោក Kwon Oh-hyun នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលនៃ Samsung Electronics គ្រោងនឹងលាឈប់ពីតំណែងនាពេលឆាប់ៗខាងមុខ។
លោក Kwon អ្នកដែលត្រូវបានគេឱ្យរហ័សនាមថាជា “Mr. Chip” ដោយសារតែឋិតក្រោមការដឹកនាំរបស់លោក ឧស្សាហកម្មផលិតបន្ទះឈីបមេម៉ូរីរបស់ក្រុមហ៊ុន Samsung បានរីកចម្រើនរហូតដល់ឈានមុខលើពិភពលោក។
ការប្រកាសនេះដែរ បានធ្វើឱ្យអ្នកគាំទ្រក្រុមហ៊ុន Samsung មួយចំនួនមានការភ្ញាក់ផ្អើល។ យោងតាមលោក Park Ju-gun ប្រមុខដឹកនាំក្រុមហ៊ុនស្រាវជ្រាវ CEO Score បានឱ្យដឹងថា៖ ពេលវេលាដែលលោក Kwon លាឈប់ គឺមិនសមហេតុផលនោះទេ។ លោកបន្ថែមថា ចំណូល Samsung កំពុងកើនឡើងកាន់តែល្អប្រសើរនៅក្នុងត្រីមាសទី ៤ នេះ ហើយលទ្ធផលនេះ គឺសុទ្ធតែមានចំណែករួមផ្សំពីអាជីវកម្មបន្ទះឈីបរបស់លោក Kwon ទាំងអស់។
បន្ថែមពីលើការប្រកាសលាលែងពីមុខតំណែងដ៏កំពូលនេះរបស់លោក Kwon ក្រុមហ៊ុន Samsung បានថ្លែងថា ខ្លួននឹងចេញរបាយការណ៍ចំណូលប្រតិបត្តិការក្នុងត្រីមាសទី៣ ដែលបានឈានទៅដល់កំណត់ត្រាថ្មី ដោយសារការលក់ឈីបមេម៉ូរីមានសន្ទុះខ្លាំង។
តម្រូវការបន្ទះឈីបខ្លាំង ក៏ត្រូវគេរំពឹងថា នឹងឈានដល់ការបំបែកកំណត់ត្រាប្រាក់ចំណូលប្រចាំឆ្នាំផងដែរ។ សម្រាប់ត្រីមាសទី២ ដែលបានបិទបញ្ចប់នៅចុងខែមិថុនា អាជីវកម្មបន្ទះឈីបរបស់ក្រុមហ៊ុន បានកើបប្រាក់ចំណេញបានរហូតដល់ ៧.២ ពានលានដុល្លារអាមេរិក។
គួររំឭកថា CEO វ័យ ៦៤ ឆ្នាំរូបនេះ បានចំណាយពេលពាក់កណ្តាលជីវិតរបស់ខ្លួនធ្វើការនៅក្រុមហ៊ុនយក្ស Samsung ហើយលោកនឹងមិនចាកចេញពីតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនោះទេ នៅមុនខែមិនា ឆ្នាំក្រោយ។ ដោយឡែក លោក Kwon ក៏នឹងមិនចាកចេញពីតួនាទីពីរផ្សេងទៀតរបស់លោកភ្លាមៗនោះដែរ ខណៈខ្លួនកំពុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Samsung ដែលផ្តោតលើកញ្ចក់អេក្រង់ និងគ្រឿងផ្សំអេឡិចត្រូនិកផ្សេងៗ។
ទោះយ៉ាងណា ក្រុមហ៊ុន Samsung បានបដិសេធមិននិយាយថា តើនរណានឹងមកជំនួសមុខតំណែងជានាយកប្រតិបត្តិមួយនេះនោះទេ៕
ប្រភពព័ត៌មានៈ reuters
មតិយោបល់