ភ្នំពេញៈ បុរសម្នាក់ បើករថយន្តកូរ៉ូឡារួមដំណើរជាមួយនារីម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌ៧មករា ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចសម្ភារៈ គ្រឿងកង់ របស់ក្រុមហ៊ុនចិន អស់ទឹកប្រាក់ប្រមាណជាង៥០០០ដុល្លារ ដែលបានប្រព្រឹត្តកាលពីដើមខែកក្កដា ឆ្នាំ២០១៧នេះ ហើយបានរត់គេខ្លួនបាត់រហូត ដល់វេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ម្ចាស់ក្រុមហ៊ុនចិនបានឃើញជនសង្ស័យ បើករថយន្តមកចូល នៅភោជនីយដ្ឋាននិងខារ៉ាអូខេគ្រួសារ នៅចំណុចខាងកើតស្ដាត តាមបណ្ដោយផ្លូវ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច គេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2K-6601 រួមដំណើរជាមួយនារីម្នាក់ គោលបំណងចូលមក ភោជនីយដ្ឋាននិងខារ៉ាអូខេគ្រួសារ ខណៈនោះម្ចាស់ក្រុមហ៊ុនចិនបានធ្វើដំណើរដោយរថយន្តម៉ាក Range Rover ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y-2366 បានឃើញរថយន្តរបស់ជនសង្ស័យស្គាល់ក៏បានបើករថយន្តរបស់ខ្លួនទៅបាំងពីក្រោយ ហើយជនសង្ស័យបានព្យាយាមបើករថយន្តរបស់ខ្លួនគេច តែគេចមិនរួច បានថយក្រោយបុករថយន្តRange Rover ជាប់ ហើយក្រុមរបស់ជនជាតិចិនបានប្រតាយប្រតប់ គ្នាទាញទ្វារថយន្ត របស់ជនសង្ស័យបង្កអោយខូចខាតដល់រថយន្តម៉ាកLexus Rx300 ប្រជាពលរដ្ឋនៅជិតនោះបណ្ដាលអោយខូចមួយជំហៀង ខាងស្ដាំ។
បន្ទាប់មកទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌ៧មករា ចុះមកជួយអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ រួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី។
តាមប្រភពព័ត៌មាន ពីនគរបាលបានអោយដឹងថា កាលពីដើមខែកក្កដា បុរសសង្ស័យជាបុគ្គលិក របស់ក្រុហ៊ុនចិន ដែលមានទីតាំងនៅមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួកគោក បានលួចសម្ភារៈលក់គ្រឿកង់ អស់ទឹកប្រាក់ប្រមាណជាង៥០០០ដុល្លារ ហើយបានរត់គេចខ្លួនរហូត ដល់រសៀលថ្ងៃទី១៥ ខែតុលានេះ ទើបឃាត់ខ្លួនតែម្ដងទៅ។
សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍នេះក្រុមជនជាតិដែលចុះឃាត់ខ្លួននិងប្រតាយប្រតប់ជាមួយជនសង្ស័យបង្កអោយខូចរថយន្តម៉ាកLexus Rx300របស់ប្រជាពលរដ្ឋនោះ គឺខាងជនជាតិចិនសងជាសំណងចំនួន២៥០ដុល្លារ ដើម្បីជួសជុលរថយន្ត ចំណែករថយន្តម៉ាកកូរ៉ូឡា របស់ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយនៅពេលក្រោយ៕
មតិយោបល់