ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុនឯកជនលីប្រា បែកគំនិតលួចម៉ូតូគេ ជាប់ខ្នោះរបស់សមត្ថកិច្ច!

ភ្នំពេញៈ ជនសង្ស័យជាសន្តិសុខក្រុមហ៊ុនឯកជនលីប្រាម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់យុវជនម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចអាគារវឌ្ឍនៈជាន់ក្រោមB2 ផ្លូវលេខ១០៦ ភូមិទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ថាត ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជនលីប្រា មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដកហូតបានម៉ូតូមួយគ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-0020 ដែលជារបស់ជនរងគ្រោះឈ្មោះ រ៉ាសាត ម៉ូស្តាហ្វា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២៩២ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយការឃាត់ខ្លួនបានជនសង្ស័យហើយនោះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក NEX ពណ៌ស១គ្រឿង ខាងលើបានប្រគល់ឲ្យជនរងគ្រោះវិញហើយ។ ចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុុលាការ ចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់