ព័ត៌មានជាតិ

ប្រយត្ន័ផងអ្នកចូលចិត្តដើរយប់! យុវជនម្នាក់មកពីចូលរួមកម្មពិធីជប់លៀងមិត្តភក្តិវិញ ត្រូវគេដេញកាប់ស្លាប់យ៉ាងរន្ធត់នៅកៀនស្វាយ

កណ្តាល: យុវជនម្នាក់បានស្លាប់យ៉ាងរន្ធត់ ខណៈដែលមកពីចូលរួមពិធីជប់លៀងមិត្តភក្តិវិញ ត្រូវជនមិនស្គាល់មុខជិះម៉ូតូពីក្រោយដេញកាប់យ៉ាងសាហាវមិនញញើតសមត្ថកិច្ចស្រុកកៀនស្វាយ រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលស្រុកកៀនស្វាយឲ្យដឹងថាជនរងគ្រោះមានឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនសង្ស័យ មានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ស្រមោល។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមកម្មវិធីជប់លៀងផ្ទះឈ្មោះ គៀត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លុះដល់ម៉ោង៩ និង៣០នាទីយប់ ឈ្មោះ គៀត ភារម្យ ភេទប្រុស និងឈ្មោះ ធី ប៊ុនធីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានជូនជនរងគ្រោះ មកផ្ទះវិញដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FP-3194 ដោយឈ្មោះ គៀត ភារម្យ ជាអ្នកឌុបចំណែកឈ្មោះ ធី ប៊ុនធីម ភេទប្រុសអង្គុយកណ្តាល រីឯជនរងគ្រោះអង្គុយខាងក្រោយ លុះជិះម៉ូតូដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះគ្នា២នាក់ ក្នុងទិសដៅស្របគ្នា បានយកវត្ថុរឹងមុតកាប់មកលើជនរងគ្រឡ ចំខាងក្រោមគុម្ពត្រចៀកខាងឆ្វេងបណ្តាលឲ្យដាច់រយះ ប្រវែង ៥,៥០សង់សុីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯជនសង្ស័យពេលធ្វើសកម្មភាពរួចក៏ជិះម៉ូតូរត់គេចខ្លួនដោយយកវត្ថុតាងទៅជាមួយ។

ក្រោយកើតហេតុ សពជនរងគ្រោះខាងលើ ត្រូវបានកម្លាំងជំនាញខេត្តធ្វើការពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់