កណ្តាលៈ ក្រុមចោរស្ទើរភ្លើងចំនួន៣នាក់ បានធ្វើសកម្មភាពលួចមាន់គេបានតែ១ថ្ងៃ ត្រូវសមត្ថកិច្ចក្របួចជាប់ ខណៈដែលម្ចាស់មាន់បាត់មាន់ហើយដាក់ពាក្យបណ្តឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចដីចម្ការស្វាយឈ្មោះ កុក អាន ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កុក អាន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនល្មើសទី១ឈ្មោះ អឿ វិបុល ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ, ទី២ឈ្មោះ ឡា វុត្ថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ និងជនសង្ស័យទី៣ឈ្មោះ ប៊ុនណា វណ្ណទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។ រីឯមាន់ដែលបាត់ ជាមាន់ឈ្មោលពូជចំនួន៣ក្បាល ។
នគរបាលបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង៣រសៀល ប៉ុស្តិ៍នគរបាលកំពង់ស្វាយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះករណីបាត់សត្វមាន់ បន្ទាប់មកក៏បានស្រាវជ្រាវរកជនល្មើស តែជនល្មើសបានគេចខ្លួន លុះដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាចនាទីក៏បានជួបជនល្មើសរួចក៏បានឃាត់ខ្លួនមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកសត្វមាន់របស់ជនរងគ្រោះពិតប្រាកដមែន ដោយយកទៅលក់ឲ្យឈ្មោះ ហេង ហៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចំនួន២ក្បាល បានលុយ៤ម៉ឺនរៀល និងសល់១ទៀតក៏នាំគ្នាធ្វើចែកគ្នាស៊ី ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់