ព័ត៌មានជាតិ

ចុមខ្លាំងម៉្លេះ! ជិះកាណូតប្រដាប់ដោយស៊ាំម៉ូរ៉ៃ​ មកបុកកាណូតគេហើយលួចយកម៉ាស៊ីិននិងមងគេទៅទៀត

ពោធិ៍សាត់ៈ លោក ឯម រុណ អធិការស្រុកក្រគរ បានប្រាប់Post News ថា មានករណីលួចមង និងម៉ាសុីនកាណូតមួយបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខព្រែកកំពង់ថ្កោល លើផ្ទៃទឹកបឹងទន្លេសាប ដែលមានចម្ងាយពីភូមិប្រមាណ ៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉ៅ ជាតិ អាយុ២៤ឆាំ្ន ភេទប្រុស (រងរបួសធ្ងន់) ,ទី២ឈ្មោះ ម៉ៅ ប៊ុនធឿន អាយុ២០ឆ្នាំ ភេទប្រុស និងទី៣ ឈ្មោះ ម៉ៅ ចាន់រ៉ា អាយុ១៥ឆាំ្ន ភេទស្រី។ អ្នកទាំង៣នាក់ត្រូវជាបងប្អូនបង្កើត រស់នៅភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣ នាក់បងប្អូនបានបើកកាណូតចេញទៅរាយមង លុះចេញទៅដល់ចំណុចកើតហេតុខាងលើ ពុំទាន់បានរាយមងផង ស្រាប់តែមានកាណូតចំនួន២គ្រឿងបើកមកបុកកាណូតរបស់ខ្លួន មានគ្នាប្រមាណ១០ទៅ១៣ នាក់ ពុំស្គាល់អត្តសញ្ញាណ្ណ បានស្រែកថា «ពួកយើងយកមងនិងម៉ាស៊ីន ដាក់លើកាណូតយើង» ប្រដាប់ដោយសាង ដាវសាំម៉ូរ៉ៃ ហើយនិយាយថា«បើអាណាខ្លាំង ពួកយើងនិងសម្លាប់ចោល» ពេលនោះពួកវាក៏ចាប់ជនរងគ្រោះជាបងប្រុសវាយបណ្តាលឲ្យរងរបួសជាទម្ងន់ រីឯបងបូ្អន២នាក់ទៀត សំពះសុំអង្វរសុំរួចខ្លួន។ ចំណែកជនសង្ស័យ ក្រោយពីបានធ្វើសកម្មភាពរួច ក៏នាំគ្នាបើកកាណូតសំដៅទៅឃុំ កំពង់លួងបាត់ទៅ។

ក្នុងនោះដែរ សម្ភារៈដែលបាត់បង់រួមមាន សាច់មង៦០ដុំ ស្មើ និង៥០គីឡូក្រាម , ម៉ាស៊ីន១ គ្រឿង ម៉ាក ហ៊ីណូកា កម្លាំង១៨ សេះ និងបុកបែកកាណូត ១គ្រឿង ។

បច្ចុប្បន្នករណីនេះ សមត្ថកិច្ចកំពុងតែរៀបចំនិតិវិធី និងស្រាវជ្រាវកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់