ហ្វីលីពីនៈ រដ្ឋមន្ត្រីការពារជាតិក្នុងប្រទេស នៅថ្ងៃច័ន្ទនេះ បាននិយាយថា ភេរវជនកំពូលរបស់រដ្ឋអ៊ីស្លាម លោក Isnilon Hapilon ដែលស្ថិតក្នុងបញ្ជីភេរវករ ដែលអាមេរិក កំពុងតាមប្រមាញ់នោះ ត្រូវបានសម្លាប់ហើយ នៅក្នុងសមរភូមិ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាល វាយដណ្ដើមតំបន់ក្នុងទីក្រុងម៉ារ៉ាវី មកកាន់កាប់វិញពីពួកឧទ្ទាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
ក្រុមអ្នកវិភាគសន្តិសុខ បាននិយាយថា លោក Hapilon ជាមេដឹកនាំនៃក្រុមរដ្ឋអ៊ីស្លាម នៅអាស៊ីអាគ្នេយ៍ ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធជីហាដ ចង់បង្កើតជារដ្ឋកាលីហ្វាតមួយរបស់ខ្លួន អំទ្បុងពេលពួកគេ បានទទួលបរាជ័យក្នុងសមរភូមិនៅអ៊ីរ៉ាក់ និងស៊ីរី។
រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មកទល់ពេលនេះ មេដឹកនាំកំពូលពីរនាក់ហើយ ដែលទាហាររដ្ឋាភិបាលយើង បានសម្លាប់នៅទីក្រុងម៉ារ៉ាវី ភាគខាងត្បូងប្រទេសហ្វីលីពីន ។
សូមជំរាបថា រដ្ឋាភិបាលអាមេរិក បានផ្តល់ប្រាក់រង្វាន់ចំនួន ៥ លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានណា ដែលអាចឈានទៅដល់ការចាប់ខ្លួនលោក Isnilon Hapilon អាយុ ៥១ ឆ្នាំ ជាមេដឹកនាំជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធ Abu Sayyaf ដែលមានមូលដ្ឋាននៅហ្វីលីពីន ហើយត្រូវបានអាមេរិកចាត់ទុកថា ជាអង្គការភេរវករបរទេសមួយ៕
មតិយោបល់