នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ជើងទី២ ដំណាក់កាលទី៤ នឹងត្រូវចាប់ផ្តើមប្រកួត ខណ:ដែល ព្រះខ័នរាជស្វាយរៀង ត្រូវទៅស្វាគមន៍ ក្រុមខេត្តកំពត ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ប៉ូលីស ទៅសួរសុខទុក្ខ សូលទីឡូអង្គរ នាវេលាម៉ោង ៣:០០ នាទីរសៀលដូចគ្នា។
សម្រាប់ ព្រះខ័នរាជស្វាយរៀង ទោះបីជាជំនួបនេះធ្វើឡើងនៅទឹកដីខេត្តកំពត ក៏គ្មានបញ្ហាឡើយ ព្រោះថាកាលពីជើងទី១ ក្រុមដែលកំពុងឈរកំពូលតារាងលីគនេះ បានលុត ក្រុមមកពីខេត្តនេះ យ៉ាងចាស់ដៃ ពោលគឺ ៨ទល់០។ ចំណែកឯ ប៉ូលីស ក៏មិនសូវជាបារម្ភអ្វីដែរ បន្ទាប់ពីជើងទី១ ឈ្នះដល់ទៅ ៤ទល់១ ហើយក្រុមដែលកំពុងប្រកបអាជីពនៅលីគកំពូលនេះ មានកីឡាករល្អៗ ដែលជាប់ជម្រើសជាតិទៀតផង ដូចជា ទិត្យ ឌីណា, ស៊ុុំម វណ្ណដេត នឹង អុល រ៉ាវី(អតីត) ហើយមានបទពិសោធន៍ច្រើនក្នុងការប្រកួត ខណៈដែល សូលទីឡូអង្គរ ជាក្រុមទើបបង្កើតបានប្រហែលជា ១ឆ្នាំ តែប៉ុន្នោះ។
សូមជំរាបជូនផងដែរថា សម្រាប់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានដកខ្លួនចេញពីការប្រកួតហើយ ដូច្នេះ ភ្នំពេញក្រោន នឹងត្រូវឡើងទៅវគ្គ ៨ក្រុម ចុងក្រោយ ដោយមិនចាំបាញ់ប្រកួតជើងទី២ ទេ។ កាលជើងទី១ ក្រុមជើងឯក៦សម័យ បានយកឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ៦ទល់០ នាកីឡដ្ឋាន RSN៕
មតិយោបល់