តាកែវៈ មានករណីចោរលួចម៉ូតូមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានជិះម៉ូតូរបស់ខ្លួនស៊េរីទំនើបសង់សេ១២៥ ឆ្នាំ២០១៧ មកចូលដេកផ្ទះសំណាក់យីហោ សំណាង ដេវីត បែរជាត្រូវចោរធ្វើសកម្មភាពបន្លំលួចយកម៉ូតូគាត់ទៅបាត់ បន្សល់ទុកម៉ូតូវ៉េវ កញ្ចាស់១គ្រឿងឲ្យវិញ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំនុចភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឆែ ឆៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ បានស្នាក់នៅក្នុងផ្ទះសំណាក់យីហោ សំណាង ដេវីត ស្ថិតក្នុងភូមិកើតហេតុខាងលើ ខណៈដែលគាត់ចូលដេកក្នុងបន្ទប់ ស្រាប់តែមានជនសង្ស័យបានបន្លំយកម៉ូតូគាត់ទៅបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក វ៉េវ គ្មានស្លាកលេខ មិនស្គាល់ស៊េរី ពណ៌ខ្មៅលាយប្រផេះ ទុកឲ្យគាត់ទៅវិញ ចុងក្រោយគាត់បានត្រឹមតែយកម៉ូតូខាងលើនេះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចតែប៉ុណ្ណោះ៕
មតិយោបល់