ព័ត៌មានជាតិ

លោកតាអាយុ ៧៣ ម្នាក់ ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

តាកែវ: កាលពីវេលាម៉ោង ០៤ និង ១០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ ស្ថិតក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមរបាយការណ៍បឋម របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សែន ជឿន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ នៅភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានជិះម៉ូតូម៉ាកអឹមដេ ពណ៌ក្រហម គ្មានពាក់ស្លាកលេខ បើកបរមកពីទិសពីខាងជើង លុះមកដល់ចំណុចកើតហេតុ ម៉ូតូគាត់បានបត់ឆ្លងផ្លូវទៅទិសខាងកើត ក៏ត្រូវរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2A-7442 បើកបរមកពីទិសខាងកើត បុកពេញទំហឹង ។

ក្រោយពេលកើតហេតុរថយន្តបង្ក មិនបានឈប់នៅកន្លែងកើតហេតុឡើយ ដោយបន្តដំណើរទៅទិសខាងលិច លុះមកដល់ត្រង់ចំណុចខាងលិចផ្សារត្រាំកក់ ទើបរថយន្តខាងលើ បានបត់ទៅទិសខាងជើងតាមផ្លូវគ្រួសក្រហម រួចទៅឈប់រថយន្តទុកចោលចម្ងាយប្រហែល ០១ គីឡូម៉ែត្រ ពីផ្សារត្រាំកក់ បដោយសមត្ថកិច្ចដេញតាមពីក្រោយ ទើបធ្វើឲ្យអ្នកបើកបរបានចុះពីរថយន្ត រត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់