ព័ត៌មានជាតិ

ក្របួចចោរឆក់ញីឈ្មោល៤នាក់ ក្រោយពីសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់

ភ្នំពេញៈ ក្រុមចោរឆក់មួយសម្បុកមានប្រុស និងស្រីចំនួន០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញតាមប្រមាញ់ចាប់ឃាត់ខ្លួនបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់តែមិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងមុខ វិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរឆក់មានស្រីនិងប្រុសដែលឃាត់ខ្លួនបន្តបន្ទាប់ចំនួន៤នាក់នេះ ទី១ឈ្មោះ ចេង សាឡាំង ភេទប្រុស អាយុ១៦ឆ្នាំ (ជាអ្នកឆក់) ស្នាក់នៅខណ្ឌ៧មករា ទី២ឈ្មោះ ពាន ភារុន ភេទប្រុស អាយុ១៤ឆ្នាំ (ជាអ្នកបើកម៉ូតូ) ស្នាក់នៅបុរីកីឡាជាន់ទី៥ ទី៣ឈ្មោះ លៀន ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ស្រ៊ាន គីមឡាង ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សសាលាលឹមឃុន (ជាអ្នកបិទគូទ)។ ចំណែកជនរងគ្រោះឈ្មោះ សំ ហ៊ីម៉ៃ ភេទស្រី អាយុ២២ឆ្នាំ ធ្វើការនៅសូរិយ៉ាម៉ល ផ្នែកអនាម័យ វេនយប់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះ ដកហូតម៉ូតូ២គ្រឿងមានម៉ាកLet ពាក់ស្លាកលេខ ភ្នំពេញ១AD-១៧៦៧ និងម៉ាកនិចពាក់ស្លាកលេខ១CT-៣៩៩២ ។

ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាក Wonderlove ពាក់ស្លាកលេខ ថ. 3295 ភព1 ជិះចេញពីផ្ទះមកធ្វើការ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CT-3992 ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់តែមិនបានសម្រេចនោះទេ បណ្ដាលឲ្យរូបគាត់ដួលបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់។

ក្រោយពីធ្វើសកម្មភាពមិនបានសម្រចជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួន ត្រូវបានកម្លាំងអាវុធហត្ថឃើញជិះប្រដេញរហូតដល់ផ្លូវលេខ94 ទល់មុខសាលា NUM ឃាត់ជនសង្ស័យទាំងពីរនាក់បានតែម្ដង។ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានហើយ កម្លាំងអវុធហត្ថបាននាំជនសង្ស័យទាំងពីរនាក់ទៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ សួរនាំទើបដឹងថា ពួកគេមានគ្នាចំនួន០៤នាក់ ទើបតាមប្រមាញ់ចាប់បាន២នាក់ទៀតក្នុងនោះស្រីម្នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-08-22_11-10-15photo_2016-08-22_11-10-17photo_2016-08-22_11-10-20photo_2016-08-22_11-10-21photo_2016-08-22_11-10-24

មតិយោបល់