ព័ត៌មានជាតិ

សិស្សសាលា៣នាក់ត្រូវគេដេញកាប់ បង្ខំចិត្តលោតទឹក ខ្លះលង់ស្លាប់ ខ្លះរបួស

កំពតៈ យុវជន៣នាក់ រួមនិងសិស្សសាលាផងនោះ បានត្រូវក្រុមក្មេងស្ទាវមួយក្រុមយកដាវនិងកាំបិតដេញកាប់ ដូចក្នុងភាពយន្ត បណ្តាលឲ្យពួកគេបង្ខំចិត្តលោតទឹកដើម្បីសង្គ្រោះជីវិត ទីបំផុតលង់ស្លាប់ម្នាក់។

ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ តុលានេះ នៅត្រង់ចំណុចស្ពានកំពង់បាយ មាត់ព្រែកកំពត។

ក្រោយពីការលោតចូលទឹករបស់ពួកគេទាំង៣នាក់ យុវជន២នាក់បានហែលរួចខ្លួន ដោយឡែកម្នាក់ទៀតលិចបាត់ស្រមោល។

យុវជនរងគ្រោះ ដែលគេចពីផ្លែដាវនិងកាំបិត ហើយបែរជាមកលង់ទឹកស្លាប់នេះ មានឈ្មោះ សេង អ៊ាន ហៅពេជ្រ អាយុ២០ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ នៅសាលាវិទ្យាល័យសុរាម្រឹត ទីលំនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
ចំនែកពីរនាក់ដែលរួចជីវិត មួយឈ្មោះ លៀម ម្នាក់ទៀតមិនស្គាល់ឈ្មោះ។

បើតាមការរៀបរាប់របស់ឪពុកម្តាយជនរងគ្រោះបានអោយដឹងថា កូនរបស់ពួកគេបាននាំគ្នាជិះម៉ូតូមកកំសាន្តលេងនៅក្រុងកំពត នាពេលយប់ មិនដឹងជាមានរឿងអ្វី បានជាមានជនមួយក្រុមមានគ្នាប្រមាណជា៨នាក់ ប្រដាប់ដោយកាំបិត ដាវ បានដេញកាប់ពួកគេ រហូតពួកគេភ័យរត់មិនរួច បង្ខំចិត្តលោតពីលើស្ពានចូលទឹក បណ្តាលអោយកូនរបស់ពួកគាត់លង់បាត់ស្រមោល តែពួកគាត់មិនបានដឹងដំណឹងនេះទេ ដោយសារពីរនាក់ដែលរួចជីវិតពុំទាន់ប្រាប់ លុះភ្លឺឡើងទើបដឹង ពួកគាត់បានជួលអ្នកមុជទឹក និងទូកខាវអូសរកសព្វរហូតទើបបានប្រទះឃើញ នៅចំនុចក្បែរស្ពាន មាត់ព្រែក នៅម៉ោងប្រមាណ៤៖ ២០ នាទីរសៀល ថ្ងៃទី២២ តុលានេះ។

បើតាមប្រភពសមត្ថកិច្ចនៅកន្លែង ករណីនេះអាចពាក់ព័ន្ធនឹងរឿងគំនុំ ប៉ុន្តែបច្ចុប្បន្នជំនាញកំពុងស៊ើបអង្កេតរកមូលហេតុពិត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងសាច់រឿងនេះ។

ក្រោយការត្រួតពិនិត្យសាកសពរួចនគរបាលបានប្រគល់សពជូនក្រុមគ្រួសារ នៅម៉ោង៥ និង២០នាទី ថ្ងៃដដែលនេះ ។
សូមបញ្ជាក់ថាក្រុងកំពតនាពេលបច្ចុប្បន្នសម្បូរដោយក្រុមក្មេងទំនើងបង្ហាញខ្លួន ពិសេសនៅពេលយប់រំលងអាធ្រាត្រ ខណះដែលការសេពគ្រឿងញៀនមានច្រើនផងដែរ តាមបណ្តា ktv បន្ទប់ជួល និងទីងងឹតផ្សេងៗផងដែរក្នុងក្រុងកំពត៕

https://youtu.be/Yv-W6FAWOVQ

មតិយោបល់