ព័ត៌មានជាតិ

ឆេះតូបអស់ជាច្រើនខ្នងនៅខាងក្រោយវត្តសំរោងអណ្តែត

ភ្នំពេញៈ​ អគ្គិភ័យ​កំពុងឆាបឆេះ តូបលក់ដូរ​ជាច្រើនខ្នងជាប់ៗគ្នា នៅក្រោយវត្តសំរោងអណ្ដែត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ​ រាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង​ ចេញជួយអន្តរាគមន៍​ នាវេលាម៉ោង​៥និង២៥នាទីព្រឹក​ ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅតាមផ្លូវបេតុង(២៣គ្រួសារ) កែងផ្លូវភូមិតាជេត ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគឺមានផ្សែងហុយចេញពីខាងក្រោយផ្ទះលក់អីវ៉ាន់ចាប់ហួយហើយបង្កឲ្យមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ហើយ ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿង ចេញអន្តរាគមន៍​បាញ់ពន្លត់ជាបន្តបន្ទាប់។

អគ្គិភ័យឆាបឆេះនេះគឺឆេះតូប ដែលជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី របស់ជាពលរដ្ឋរួមមាន​ ៖តូបជួសជុលម៉ូតូ -តូបលក់គ្រឿងអគ្គីសនី -តូបលក់ឥវ៉ាន់ចាប់ហួយ -តូបលក់អង្ករ -តូបលក់គ្រឿងសំណង់ ២តូប ចំណែកឯតូបលក់បាយ គឺឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចទាំងស្រុងតែម្ដង។
ទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ គឺយកចេញបានបន្តិចបន្តួចតែប៉ុណ្ណោះ ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣៦គ្រឿង។ ហើយរលត់ទៅវិញនៅវេលាម៉ោង០៦និង៥០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។

តែមូលហេតុមិនទាន់ដឹងនៅឡើយដោយសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូង គឺឆ្លងចរន្តអគ្គិសនី រងការខូចខាតនូវទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើន មិនអាចកំណត់ឲ្យបានច្បាស់លាស់នៅឡើយទេ គឺទ្រព្យសម្បត្តិរួម អស់យ៉ាងច្រើនសន្ធឹកសន្ធាប់។ សំណាងល្អ មិនបង្កឲ្យអ្នកណាម្នាក់រងរបួសឬក៏បាត់បង់ជីវិតនោះទេ៕

ជាមួយគ្នានេះដែរ​ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃដដែលនេះ​ ​ពីអនុស្ថានីយទី៥ (GS5-F5) មូលហេតុ ដើម្បីជួយសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែលបានឆេះផ្ទះប្រជាពលរដ្ឋនៅត្រង់ចំណុច​ P1246 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ (២)ភូមិរោងចក្រ ភូមិដីថ្មី និងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី (៣)ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាកំពុងរងចាំនៅកន្លែងកេីតហេតុ​ បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យធ្វេីការគ្រប់គ្រងស្ថានការបានភ្លាម ក្រុមការងារអគ្គិសនីនឹងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនឲ្យបានប្រើប្រាស់ឡើងវិញ ចំពោះព័ត៌មានបន្ថែមអំពី​ ហេតុការណ៍អគ្គិភ័យ​ និងការដាច់ចរន្តអគ្គិសនីខាងនេះ យេីងខ្ញុំនឹងជម្រាបជូនដំណឹងជាបន្តបន្ទាប់ទៀត ៕​

មតិយោបល់