ព័ត៌មានជាតិ

មិនធម្មតាមែន! ទាស់ពាក្យសម្តីជាមួយក្រុមគ្រួសារ គំរាមដុតផ្ទះ ដុតមែនឆេះខ្ទេច

​កណ្តាលៈ ទំនាស់ក្នុងគ្រួសារខ្លួនឯងឈានដល់ដុតបំផ្លាញផ្ទះចោលខ្ទេច ដោយសារទាស់ពាក្យសម្តីជាមួយបងប្អូនប្រពន្ធ ប្រពន្ធនិងម្តាយក្មេក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិកោះខ្នុរ(ថ្មី) ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះប្រាក់ សួន ភេទស្រីអាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមុខកសិករ។

ជនសង្ស័យឈ្មោះ សុវណ្ណ វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ។ សម្ភារៈខូចខាតរួមមានផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីមានទំហំ៧គុណ៩,ម៉ូតូមួយគ្រឿងគុបជ្រុង សេ៥០ ពណ៌ទឹកសមុទ្រ,ទូរសព្ទ៣គ្រឿង,ទូរទស្សន៍២គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនប្រាក់រៀល២ម៉ឺនរៀល។

នៅមុនពេលកើតហេតុ ជនសង្ស័យបានរករឿងប្រពន្ធឪពុកម្តាយក្មេកនិងបងប្អូនខាងប្រពន្ធដែលជាអ្នករស់នៅក្នុងផ្ទះជាមួយនិងគំរាមដុតផ្ទះទៀតផង។ ពេលនោះប្រពន្ធ-ឪពុកម្តាយក្មេកនិង បងប្អូនខាងប្រពន្ធមិនបានសំរាកនៅលើផ្ទះទេដោយនាំគ្នាមកសំរាកនៅលើគ្រែក្រោមផ្ទះព្រោះខ្លាចជនសង្ស័យដុតផ្ទះ។ បន្ទាប់មកជនរងគ្រោះនិងក្រុមគ្រួសារក៏នាំគ្នាសំរាកលក់ទៅលុះដល់វេលាម៉ោង៣និង៣០នាទីដែលជាម៉ោងកើតហេតុ ជនសង្ស័យក៏ដុតផ្ទះខាងលើបណ្តាលឲ្យឆេះខូចខាតអស់ទាំងស្រុង។

ក្រោយពីសមត្ថកិច្ចយើងបានទទួលព័ត៌មាន រួចក៏ចុះដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់