បន្ទាយមានជ័យៈ បុរសវ័យកណ្តាលជាជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងបន្ទប់ជួលមួយរបស់កាស៊ីណូហ្គ្រែនដាយមិនស៊ីធីនៃក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ហេតុការណ៍នេះត្រូវបានគសង្ស័យថាជាអំពើឃាតកម្មគិតទុកជាមុន។
យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះគឺជាជនជាតិចិនបានស្លាប់នៅក្នុងបន្ទប់លេខ៣០៤ជាន់ទី៣នៃអគារកាស៊ីណូហ្រ្គែនដាយមិន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់និងក្រុងប៉ោយប៉ែត។
ជនរងគ្រោះមិនមែនស្លាប់នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនទេ គឺស្លាប់នៅក្នុងបន្ទប់ស្នាក់នៅរបស់មិត្តភក្តិជនជាតិចិនដូចគ្នា នេះបើតាមការអះអាងរបស់សន្តិសុខកាស៊ីណូ។
សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើកោសល្យវិច័យលើសាកសពបានសន្និដ្ឋានថា ជាករណីឃាតកម្មគ្រោងទុកជាមុនបង្កឡើងដោយជនសង្ស័យយ៉ាងតិច២នាក់ គឺសម្លាប់ដោយខ្ទប់ផ្លូវដង្ហើម។ ក្រោយធ្វើឃាតលើជនរងគ្រោះជនសង្ស័យទាំងពីរបានគេចខ្លួនបាត់។ ឃាតកត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណរួចហើយគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងរុករកតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់