ព័ត៌មានជាតិ

មន្ត្រីប៉ូលិសម្នាក់ ទាញកាំភ្លើងបាញ់ប្រហារមេឃចំនួន៤គ្រាប់ ក្រោយទាស់សម្ដីជាមួយប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​

ភ្នំពេញៈ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានករណីប្ដីប្រពន្ធពីរនាក់ ឈ្លោះទាស់សម្ដីគ្នាយ៉ាងខ្លាំង បានបណ្ដាលឲ្យបុរសជាប្ដីទាញកាំភ្លើងខ្លី បាញ់ទ្បើងទៅលើមេឃចំនួន៤គ្រាប់ ដើម្បីបន្សាបកំហឹង ប៉ុន្ដែត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនភា្លមៗ ត្រង់ចំណុចផ្លូវលេខ៧៥ កែង៨៤​ ទល់មុខសណ្ឋាគារហូលីដេ​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

ហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា ជនបង្កឈ្មោះ លេង ធារ៉ា មុខរបរជាមន្ដ្រីនគរបាល មានឋានន្ដរស័ក្ដិ អនុសេនីយ៍ត្រី។

តាមប្រភពពីអ្នកដែលឃើញហេតុការណ៍ បាននិយាយថា ជនបង្កខាងលើ បានជិះរថយន្តមួយគ្រឿង ម៉ាក Lexus ដោយបើកតាមបណ្តោយផ្លូវលេខ៧៥ លុះមកដល់ជិតក្លឹប បានដកកាំភ្លើងបាញ់ ៤គ្រាប់ទ្បើងទៅលើមេឃ បន្ទាប់ពីឈ្លោះគ្នាជាមួយប្រពន្ធ ដោយក្រោយពីបាញ់រួច ជនបង្កបានបើករថយន្តមកឈប់នៅមុខក្លឹប ទើបត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនបង្ក ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ដើម្បីបន្ដការនាំខ្លួន និងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់