ភ្នំពេញៈ កូនគោញី២ក្បាលត្រូវបានក្មេងៗប្រទះឃើញដេកងាប់នៅក្នុងគំនរសំរាម កន្លែងដោយសារតែចរន្តអគ្គិសនីឆក់ ក្នុងខណៈដែលម្ចាស់លែងចោល ឲ្យដើរស៊ីកាកសំណល់មួយកន្លែង កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចកន្លែងចាក់សំរាម ដែលមាទីតាំងស្ថិតនៅខាងក្រោយមណ្ឌលសុខភាពត្រពាំងក្រសាំង ជិតផ្សារសាមគ្គី ក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កូនគោ២ក្បាលខាងលើនេះគឺជារបស់ប្រជាពលរដ្ឋម្នាក់ ឈ្មោះចៀច ឈិន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គីទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។គាត់បានចិញ្ចឹមគោចំនួន១០ក្បាល ដោយលែងវាចោលឲ្យដើរស៊ីស្មៅ និងស៊ីកាកសំណល់នៅតាមគំនរសំរាម ក្បែរផ្សារនិងទីប្រជុំជននានា មិនបានដាក់ក្នុងក្រោលឬចងឲ្យបានត្រឹមត្រូវនោះទេ។ យប់ឡើងគោរបស់គាត់មិនបានចូលផ្ទះទេ គឺបានដេកនៅលើដីវាលក្បែរផ្សារសាមគ្គីនោះតែម្ដង គាត់មិនបានគៀងចូលក្រោលឡើយ។ ហើយគាត់មិនបានខឹងថាគោរបស់គាត់ត្រូវចរន្តអគ្គិសនីឆក់ងាប់តាំងពីពេលណាមកទេ ទើបតែនៅមុនពេលកើតហេតុការណ៏ភ្ញាក់ផ្អើល មានក្មេងៗ២នាក់បានដើរលេងលើគំនរសំរាមនោះ ហើយត្រូវបានចរន្តអគ្គិសនីឆក់ ប៉ុន្តែពួកគេបានស្ទុះរត់ចេញរួចទលបមិនស្លាប់។
ប្រភពដដែលបានបន្តទៀតថា ពេលនោះពួកគេបាននាំគ្នារត់ទៅប្រាប់អ្នកភូមិឲ្យទៅពិនិត្យមើល និងបានឃើញ កូនគោញីទាំងពីរក្បាលខាងលើនោះ ងាប់អស់ទៅហើយនិងបានឃើញខ្សែភ្លើង៤សសៃធ្លាក់កប់នៅក្នុងគំនរសំរាមនោះថែមទៀត ទើបពួកគាត់នាំគ្នាបិទចរន្តភ្លើង រួចបានកាត់ខ្សែភ្លើងចេញ រួចយកគោលក់ឲ្យឈ្មួញ។ ហើយតាមការប៉ាន់ស្មានគោ១ក្បាលមានទម្ងន់ប្រហែលជាង៥០គីឡូក្រាម ហើយប្រសិនបើមិនទាន់ងាប់ អាចលក់បានតម្លៃប្រហែល១៦០ម៉ឺនរៀល និង១ក្បាលទៀតមានទម្ងន់ប្រហែល២០គីឡូក្រាម ហើយបើមិនទាន់ងាប់អាចលក់បានតម្លៃប្រហែល៥០ម៉ឺនរៀលដែរ។ ប៉ុន្តែពេលនេះពួកវាបានងាប់អស់ហើយ មិនទាន់ដឹងថាឈ្មួញហ៊ានទិញក្នុងតម្លៃប៉ុន្មាននោះទេ៕
https://youtu.be/JWcvO280Zog
មតិយោបល់