ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន យុវជនម្នាក់ ដែលយកប៉័ងតោ អារ.កសង្សារ បម្រុងប្រហារជីវិត

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌមានជ័យបានឱ្យដឹងថា លោក អ៊ី ថាវរៈចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន យុវជនដែលយកកាំបិតប៉័ងតោ អារ.កសង្សារព្រោះរឿងប្រចណ្ឌ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស រង់ចាំបន្តនីតិវិធីនាពេលក្រោយ។

ប្រភពដដែលបានឱ្យដឹងថា លោក សៀង សុខ បានចោទប្រកាន់លើឈ្មោះ សៀវ ហ្វុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បញ្ចូលបទភ្លេងទូរសព្ទ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនត្រូវចោទត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពេលដែលរូបគេបាន ធ្វើសកម្មភាពយកកាំបិតប៉័ងតោ អារ.ក ជនរងគ្រោះជាសង្សារ ឈ្មោះ កែវ ស្រីល័ក្ខ អាយុ ២០ឆ្នាំ នៅចំណុចកើតហេតុខាងលើ រងរបួសបំពង់ក និង ដៃខាងស្តាំ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យព្រះកុសុមៈ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនត្រូវចោទ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នានៅក្នុងបន្ទប់ជួលអ្នកជិតខាង ក្រោយពីផឹកស៊ីរួច ពួកគេបានឈ្លោះគ្នា រហូតឈានដល់ ជនត្រូវចោទយកកាំបិតប៉័ងតោ អារ.ក ជនរងគ្រោះ ប៉ុន្តែត្រូវអ្នកជិតខាងជួយទាន់ពេលវេលា និងហៅរថយន្តសង្គ្រោះដឹកនារីរងគ្រោះទៅព្យាបាលតែម្តងទៅ៕

មតិយោបល់