ព័ត៌មានជាតិ

Update៖ ជនជាតិចិន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពចាក់ប្លន់ជនជាតិចិនម្នាក់នៅក្នុងផ្ទះសំណាក់ សុខា

ភ្នំពេញៈ បុរសជនជាតិចិនចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ពេលដែលពួកគេបាននាំគ្នាធ្វើសកម្មភាពចាប់ចងដៃ ចងជើង បុរសជាជនជាតិចិនដូចគ្នាម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ សុខា និងដោយបានប្រើកូនកាំបិតធ្វើសកម្មភាពចាក់ជាច្រើនកាំបិត បណ្តាលអោយហូរឈាមស្រោចពេញខ្លួន ដើម្បីប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧ នៅបន្ទប់លេខ ១០៤ ជាន់ទី១ ផ្ទះសំណាក់ សុខា ទីតាំងលេខ ១២៩ផ្លូវលេខ ៣១០ ក្នុងសង្កាត់ទួលស្វាយេព្រៃទី ១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យជាជនជាតិចិនទាំង ២នាក់ដែលបានឃាត់ខ្លួនមានទី១-ឈ្មោះ Li TANG អាយុ ៤៣ឆ្នាំ និងទី២-ឈ្មោះ Zhang Cai អាយុ ៣៧ឆ្នាំ ។ចំណែកឯបុរសជនជាតិចិនរងគ្រោះមានឈ្មោះ Chiou Yih Chiu អាយុ ៥២ឆ្នាំ មុខរបរទេសចរណ៍។

ក្រោយពេលមានការភ្ញាក់ផ្អើលនៅក្នុងផ្ទះសំណាក់ខាងលើ ថាកើតមានករណីឃាតកម្មកើតឡើងនៅក្នុងផ្ទះសំណាក់ខាងលើភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ជួយអន្តរាគមន៍ចាប់បានក្រុមជនសង្ស័យជនជាតិចិនទាំង ២នាក់ភ្លាម និងជនរងគ្រោះជាជនជាតិចិនដូចគ្នាម្នាក់ផងដែរមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ទើបដឹងថា «រឿងនេះមិនមែនជារឿងបង្កហិង្សាធម្មតាទេ តែវាជារឿងចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិពីបុរសជាជនរងគ្រោះជាជនជាតិចិនដូចគ្នាទៅវិញ»។

តាមប្រភពដដែលបានប្រាប់បន្តទៀថា ព្រោះនៅពេលដែលកម្លាំងសមត្ថកិច្ចឡើងទៅធ្វើការត្រួតពិនិត្យនៅក្នុងបន្ទប់កើតហេតុខាងលើ បានប្រទះឃើញមានខ្សែអង្រឹងមួយដុំដែលទំនងជាក្រុមជនសង្ស័យបានចងបុរសជាជនរងគ្រោះ ហើយមានការប្រតាយប្រតប់គ្នាបណ្តាលអោយដាច់ខ្សែ ហើយជនរងគ្រោះព្យាយាមតដៃនោះ ក៏ត្រូវក្រុមជនសង្ស័យចាក់បណ្តាលអោយរងរបួសត្រង់ដើមទ្រូង និង ដៃម្ខាងហូរឈាមយ៉ាងកក្លាក់នោះ។

ក្រោយពេលកើតហេតុ បុរសជនជាតិចិនសង្ស័យទាំង ២នាក់ និងបុរសជាជនជាតិចិនរងគ្រោះត្រូវបាននាំខ្លួនមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមនិតិវិធីជាបន្តទៅទៀតផងដែរ៕

https://youtu.be/7pdAtLKEelU

មតិយោបល់