កែបៈ លោកអធិការក្រុងកែប បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បន្ទាប់ពីមានបុរស២នាក់ជិះម៉ូតូម៉ាក PULS RS២០០ ក្នុងល្បឿនលឿនមិនប្រយត្ន័ដល់ផ្លូវកោងបួងចង្កួតមិនទាន់បុកសួនផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់និងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥៦នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកបួន ចូលសាលាខេត្តខាងកើត ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយម៉ូតូម៉ាក PULS RS២០០ ពណ៌លឿងលាយខ្មៅ គ្មានផ្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះ អួន ធាង ភេទប្រុស អាយុ២៦ឆ្នាំ បុគ្គលិកកាសុីណូបូកគោ រស់នៅភូមិអង្គរជយ័ទី២ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាចខេត្តកំពត បើកបរដោយឈ្មោះ ម៉ាត់ កូក ភេទប្រុស អាយុ២០ឆ្នាំ របួសធ្ងន់ រួមដំណើដោយឈ្មោះ កូប ឌល់នី ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។ អ្នកទាំង២ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍លើកដាក់រថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកខេត្តកែបដឹកជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅពេទ្យកំពត តាមរថយន្តសង្រ្គោះមន្ទីរពេទ្យខេត្តកែប។ ដោយឡែកសម្រាប់ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត៕
មតិយោបល់