ព័ត៌មានជាតិ

តុលាការកាត់ទោសលោកយោធាស័ក្តិ៤ ម្នាក់ដែលបាញ់ជិត ១០គ្រាប់ផ្អើលខណ្ឌដូនពេញ

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី បានបើកសវនាការ កាត់ទោស យោធាស័ក្តិ៤ម្នាក់ ពាក់ព័ន្ធ សំណុំរឿង បាញ់បោះសេរី នៅក្នុងខណ្ឌដូនពេញ។

លោក ងិន ពេជ្រ ជាតំណាងអយ្យការបាន ចោទប្រកាន់លើឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីម៉ោង១០ នង ៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ៤៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនារសៀលនេះ ជនជាប់ចោទ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។

ជនជាប់ចោទបាន សារភាពថា នៅយប់កើតហេតុមានគេជិះម៉ូតូយកដំថ្មតាមគប់រថយន្តរបស់ខ្លួន ទើបខ្លួនសម្រេចបាញ់ចំនួន ៨គ្រាប់ដើម្បីការពារខ្លួន។

ជនជាប់ចោទថា កាំភ្លើងនោះខ្លួនទិញពីមិត្តភក្តិ ហើយគ្មានលិខិតបេសកកម្មទេ ក្រោយពីបាញ់រួចខ្លួនបានធ្វើឱ្យបាត់កាំភ្លើងនោះបាត់ហើយ។

គួររំលឹកថា ឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានបាញ់ ជិត ១០គ្រាប់នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ គ្រាដែលខ្មាន់កាំភ្លើងរូបនេះចូលខ្លួនតបតាមដីកា របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ទោះជាយ៉ាងណាសំណុំរឿងនេះត្រូវបានតុលាការលើកពេលទៅប្រកសសាលក្រមនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/uQr_1HFTOF0

មតិយោបល់