ព័ត៌មានជាតិ

ជិះម៉ូតូទៅបុកឡិចស៊ីស៥៧០ ស្លាកលេខ ភ្នំពេញ 2AE-2223 របួសធ្ងន់ដោយខ្លួនឯង

ភ្នំពេញ: ម៉ូតូវ៉េវមួយគ្រឿង បើកក្នុងល្បឿនលឿនបុកជាមួយរថយន្តឡិចស៊ីស៥៧០ យ៉ាងពេញទំហឹងនៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសនិងនារីម្នាក់២នាក់ រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៦៦កែងផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2223 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចឆ្លងភ្លើងស្តុបពណ៌បៃតងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-2692 ទិសដៅពីត្បូងមកជើងបើកបរដោយបុរសម្នាក់រួមនឹងនារីម្នាក់ទៀតមិនគោរពភ្លើងសញ្ញាចរាចរណ៍ក៏បានបុករថយន្តពីចំហៀងខាងក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ រីឯបុរសម្នាក់បាក់ដៃនិងនារីម្នាក់ដែលជិះម៉ូតូខាងលើសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានអន្តរាគមន៍ហៅរថយន្តសង្រ្គោះបន្ទាន់ក៏បានមកយកជនរងគ្រោះទាំង២ទៅមន្ទីរពេទ្យ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីនៃច្បាប់ ៕

មតិយោបល់