ព័ត៌មានជាតិ

ស្រវឹងជោកជាំ! បុរស២នាក់ទាស់សម្តីគ្នា ទាញដំបងវាយបែកក្បាលដេរ២០ថ្នេរ

​កណ្តាលៈ ករណីហិង្សាដោយចេតនា មួយបានកើតឡើង រវាងជាងសំណង់ និងជាងសំណង់ បណ្តាលឲ្យបែកក្បាល ៣កន្លែង ដេរ២០ថ្នេរ។

ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីយប់ នៅត្រង់ចំណុចភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រ៊ី ស្រ៊ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ និងជនសង្យ័យឈ្មោះ ណាត់ ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ ហើយអ្នកទាំង២ស្នាក់នៅភូមិ ឃុំកើតហេតុជាមួយគ្នា។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ បានផឹកស្រាស្រវឹងជោកជាំ រហូតឈានទៅដល់ ទំនាស់ពាក្យសម្តីជាមួយគ្នា។ ដោយជនរងគ្រោះ បានជេរជនសង្ស័យថា«អាចុយម្រាយ អញវាយក្បាលហ្អែង រយះអីឡូវហើយ» ខណៈដែលនោះជនសង្ស័យក៏ខឹង នូវពាក្យតិះដៀលយ៉ាងដូចច្នេះ រួចក៏បានស្ទុះ យកកំណាត់អុសកៅស៊ូ វាយក្បាលជនរងគ្រោះ ត្រូវ៣កន្លែងបណ្តាលឲ្យរងរបួសធ្ងន់ និងបាក់អុសកៅស៊ូជា២កំណាត់។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ ក៏បានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យឯកជន ដែលស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយព្យាបាលរបួសស្នាម ដេរ២០ថ្នេរ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល ប៉ុស្តិ៍កំពង់ចំលង យកវត្ថុតាង ដំបងអុសកៅស៊ូ២កំណាត់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្នាន នគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់៕

មតិយោបល់